យោងតាមមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា ហ្វីលីពីនកំពុងរៀបចំផែនការទប់ទល់សម្រាប់ការកើនឡើងនៃអរិភាពនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងសេណារីយ៉ូក្រុមនាវិកវាយលុកកងកម្លាំងចិន ដែលប៉ុនប៉ងឡើងលើនាវាហ្វីលីពីន។

ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺននៅឆ្នាំនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនដង និងការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតនៅជិតតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដោយហ្វីលីពីនបានចោទប្រកាន់ប្រទេសចិនថាមានឧបាយកលឈ្លានពាន ចេតនា និងគ្រោះថ្នាក់។

ហ្វីលីពីនបានប្រកាន់យកខ្សែបន្ទាត់កាន់តែតឹងតែងជាមួយចិននៅក្នុងឆ្នាំនេះ ស្របពេលនឹងការបង្កើនទំនាក់ទំនងយោធាជាមួយសម្ព័ន្ធមិត្តការពារជាតិអាមេរិក និងបានបង្កើនការចូលរួមផ្នែកសន្តិសុខជាមួយមហាអំណាចលោកខាងលិចផ្សេងទៀត។

លោក អាល់ប៊ឺតតូ ខាឡូស (Alberto Carlos) ប្រធានបញ្ជាការខាងលិចរបស់ប្រទេសហ្វីលីពីន បាននិយាយថា សេណារីយ៉ូនោះ គឺជាផ្នែកមួយនៃសមយុទ្ធល្បែងសង្រ្គាមហ្វីលីពីន និងការពិភាក្សាបែបសិក្សាអំពីសកម្មភាពផ្សេងទៀតដែលចិនអាចនឹងធ្វើ។
ហ្វីលីពីនបានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះកងឆ្មាំល្បាតឆ្នេររបស់ចិន និងវត្តមានទូកនេសាទចិនរាប់រយគ្រឿង ដែលខ្លួនចាត់ទុកថាជាកងកម្លាំងជីវពល៕