ការគាំទ្រសាធារណៈសម្រាប់គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានធ្លាក់ចុះមកត្រឹម ១៧,១% នៅក្នុងខែធ្នូនេះ ដែលជាការធ្លាក់យ៉ាងអាក្រក់បំផុតចាប់តាំងពីគណបក្សកំពុងកាន់អំណាច ប្រជាធិបតេយ្យសេរី (LDP) បានត្រលប់មកកាន់អំណាចកាលពីខែធ្នូ ឆ្នាំ២០១២ នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន ជីជី (Jiji) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ)។

ការស្ទង់មតិយោបល់របស់សារព័ត៌មាន ជីជី ដែលធ្វើឡើងកាលពីថ្ងៃសុក្រ ដល់ថ្ងៃច័ន្ទ បានបង្ហាញថាការវាយតម្លៃនៃការគាំទ្រនេះបានធ្លាក់ចុះចំនួន ៤,២% ធៀបនឹងខែមុន។ នេះគឺជាលើកទីមួយហើយដែលការគាំទ្រជាសាធារណៈបានធ្លាក់ចុះក្រោម ២០% ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៩ មកនៅពេលដែលគណៈរដ្ឋមន្ត្រីសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកថារ៉ូ អាសូ (Taro Aso) ទទួលបានការគាំទ្រត្រឹមតែ ១៣,៤%។

ទន្ទឹមនឹងនេះ អត្រាមិនគាំទ្របានកើនឡើងចំនួន ៤,៩ពិន្ទុដល់កម្រិត ៥៨,២% ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីគណបក្សនេះឡើងកាន់អំណាចឡើងវិញ។ ការគាំទ្រសម្រាប់គណបក្សប្រជាធិបតេយ្យសេរី ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការឡើងកាន់អំណាចឡើងវិញ ដោយបានធ្លាក់ចុះចំនួន ០,៨% ពីខែមុនមកនៅត្រឹមកម្រិត ១៨,៣% ប៉ុណ្ណោះក្នុងខែនេះ។
នៅក្នុងការស្ទង់មតិចុងក្រោយនេះ អត្រានៃការគាំទ្រសាធារណៈសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Kishida ឈរនៅខាងក្រោមកម្រិតសំខាន់ ៣០% សម្រាប់ខែទីប្រាំជាប់គ្នា ដែលជាសញ្ញាបង្ហាញថារដ្ឋបាលមួយនេះអាចស្ថិតនៅក្នុង «តំបន់គ្រោះថ្នាក់»។
ការធ្លាក់ចុះនៃអត្រាគាំទ្រនេះត្រូវបានគេជឿថាបណ្តាលមកពីរឿងអាស្រូវមូលនិធិនយោបាយ ដែលពាក់ព័ន្ធនឹងសមាជិកសំខាន់ៗរបស់គណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី របស់ជប៉ុនមួយនេះ៕