ប្រទេសហ្វាំងឡង់ នឹងបិទព្រំដែនទាំងមូលរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីបញ្ឈប់លំហូរចូលនៃអ្នកស្វែងរកសិទ្ធិជ្រកកោន នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វាំងឡង់ លោកស្រី ម៉ារី រ៉ានថាណេន (Mari Rantanen) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រទេសអឺរ៉ុបខាងជើងមួយនេះបន្ធូរបន្ថយការបិទផ្លូវទាំងអស់រយៈពេលពីរសប្តាហ៍រវាងប្រទេសទាំងពីរ។

រដ្ឋធានីហែលស៊ិនគី (Helsinki) បាននិយាយថា ការកើនឡើងថ្មីៗនៃចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់តាមរយៈប្រទេសរុស្ស៊ី គឺជាវិធានការរៀបចំដោយទីក្រុងមូស្គូ ក្នុងការសងសឹកចំពោះការសម្រេចរបស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់នេះ។

កងឆ្មាំព្រំដែនហ្វាំងឡង់បាននិយាយថា ការមកដល់នៃជនធន្តោប្រវេសន៍បានឈប់នៅពេលដែលប្រទេសហ្វាំងឡង់បិទព្រំដែននៅចុងខែវិច្ឆិកា ប៉ុន្តែបានបន្តឡើងវិញកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលច្រកឆ្លងកាត់ចំនួនពីរក្នុងចំណោមប្រាំបីត្រូវបានបើក ដោយមានមនុស្ស ៣៦នាក់កំពុងស្វែងរកសិទ្ធិជ្រកកោន។ ការបិទព្រំដែនថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ នៅម៉ោង ១៨:០០ (ម៉ោងសកល) និងមានរយៈពេលមួយខែ។

នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា ខ្លួនមាន «ការព្រួយបារម្ភអំពីសិទ្ធិជនភៀសខ្លួន អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍» បន្ទាប់ពីការបិទព្រំដែនបណ្តោះអាសន្ន ហើយបានស្នើឱ្យប្រទេសហ្វាំងឡង់ ធានាថាខ្លួននៅតែផ្ដល់លទ្ធភាពដើម្បីស្វែងរកការការពារដល់អ្នកមានបំណងចូលប្រទេសមួយនេះ៕