លោកសាស្រ្តាចារ្យ ស៊ុន ចាន់ដឹប ប្រធានសិក្សាធិការដ្ឋាន នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ BTV នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះថា គិតត្រឹមថ្ងៃនេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានទទួលសិស្សប្រឡងជាប់ថ្នាក់ទី១២ថ្មីៗ មកចុះឈ្មោះចូលសិក្សា មានចំនួន ៦៧៧ នាក់។

លោកសាស្រ្តាចារ្យ ស៊ុន ចាន់ដឹប បានឱ្យដឹងថា ក្នុងចំណោមសិស្សទាំង ៦៧៧ នាក់នេះ ក្នុងនោះនិសិ្សតអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៦០ នាក់ និងក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១១៥នាក់ និងនិសិ្សតបង់ថ្លៃសិក្សា ចំនួន៥០២នាក់។

ឯកឧត្តមសាស្រ្តាចារ្យ ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា សាលារចនា ឬសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យសិល្បៈ វប្បធម៌ខ្មែរ មានជាអាទិ៍ ចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ការងារស្រាវជ្រាវ ការងារចងក្រងឯកសារ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនពាន់នាក់ លើមុខជំនាញបុរាណវិទ្យា ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា សិល្បៈសូនរូប តូរ្យតន្រី្ត និងសិល្បៈនាដសាស្រ្ត៕ អត្ថបទ រដ្ឋា




