ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងលើកទឹកចិត្តទៅដល់មន្រ្តីឧទ្យានុរក្សឱ្យបំពេញភារកិច្ចឱ្យបានល្អ កុំទៅទោមនស្សនឹងការចោទប្រកាន់ពីក្រុមអគតិមួយចំនួនដែលថា ក្រសួងបរិស្ថាន អសមត្ថភាពក្នុងការការពារព្រៃឈើរបស់រដ្ឋ។ ការថ្លែងលើកទឹកចិត្តនេះ ធ្វើឡើងនៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ឆ្ពោះទៅអព្យាក្រឹតកាបូនសហគមន៍» នាទីស្តីការក្រសួង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា មន្រ្តីឧទ្យានុរក្សបានចំណាយនូវកម្លាំងកាយ កម្លាំងចិត្ត និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារព្រៃឈើ ដោយឥតគិតពីពេលវេលា ឬសុវត្ថិភាពផ្ទាល់ខ្លួននោះទេ មន្រ្តីខ្លះបានទទួលមរណភាពដោយត្រូវឈ្មួញកាប់ឈើបាញ់ប្រហារ ខណៈចុះបំពេញបេសសកម្ម ហើយមន្រ្តីខ្លះទៀតត្រូវជាប់អន្ទាក់ និងបញ្ហាប្រឈមជាច្រើនទៀតនៅក្នុងព្រៃពេលបំពេញការងារ ប៉ុន្តែរឿងរ៉ាវទាំងនេះមិនត្រូវបានមានការលើកទឹកចិត្ត និងចុះផ្សាយឡើយ តែបែរជារងនូវការរិះគន់ ប្រមាថថាអសមត្ថភាពទៅវិញ។

ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា អ្នកស្រឡាញ់ធនធានធម្មជាតិរបស់ខ្មែរ ហេតុអ្វីមិនរួបរួមគ្នាធ្វើការងារនេះឱ្យទទួលបានជោគជ័យ ដើម្បីបង្ហាញទៅអន្តរជាតិពីសម្រស់ធនធានព្រៃឈើរបស់ខ្មែរយើង ដើម្បីទាញយកផលជាវិជ្ជមានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ទាំងនោះ ហើយបែរទៅជាបន្ទោសបង្អាប់គ្នាទៅវិញ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបើកឱកាសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។ បន្ថែមពីនេះ ក្រសួងបរិស្ថានក៏បាន និងកំពុងអនុវត្តនូវវិធានការ៤ចំនុចយ៉ាងម៉ឺងម៉ាត់ ដែលរួមមាន ១៖ ជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ២៖ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ។ ៣៖ សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងទី៤៖ ជំរុញការដាំ ស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០៕







