ប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាក បាននិយាយថា ពួកគេបានឃុំខ្លួនជនសង្ស័យភេរវករ រួមមានទាំងសមាជិកក្រុមហាម៉ាស ពីបទសង្ស័យរៀបចំផែនការវាយប្រហារ លើស្ថាប័នជនជាតិជ្វីហ្វនៅអឺរ៉ុប។

រដ្ឋអាជ្ញាប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកក្រុមហាម៉ាស៤នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់។ ជនសង្ស័យទាំងបួននាក់ តាមដែលចោទប្រកាន់ ថាបានទទួលបញ្ជាពីក្រុមហាម៉ាសឱ្យដឹកជញ្ជូនសព្វាវុធទៅកាន់ទីក្រុងប៊ែរឡាំង កាលពីខែតុលា ឬក្រោយមកទៀត។

រដ្ឋអាជ្ញា សង្ស័យថាអ្នកជាប់ឃុំ កំពុងរៀបចំធ្វើការវាយប្រហារភេរវកម្មទៅលើស្ថាប័នជនជាតិជ្វីហ្វ។ ជនជាតិលីបង់ និងអេហ្ស៊ីប ក៏ស្ថិតក្នុងចំណោមជនសង្ស័យ។
មន្ត្រីនគរបាលប្រទេសដាណឺម៉ាក បាននិយាយថា ពួកគេបានឃុំខ្លួនមនុស្សបីនាក់នៅក្នុងប្រទេសនេះ ពីបទសង្ស័យរៀបចំផែនការវាយប្រហារភេរវកម្ម។ ពួកគេមិនបាននិយាយថាតើជនសង្ស័យទាំងបីនាក់នោះ មានទំនាក់ទំនងជាមួយក្រុមហាម៉ាសឬអត់នោះទេ។
នគរបាល មានផែនការពង្រឹងសន្តិសុខនៅក្នុងរដ្ឋធានី ខូផេនហាហ្គេន(Copenhagen) និងសហគមន៍ជនជាតិជ្វីហ្វ។
ពិធីបុណ្យប្រពៃណីរបស់ជនជាតិជ្វីហ្វ ដែលបានត្រូវបានគ្រោងទុក កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានលុបចោល។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី ម៉េតតេ ហ្វ្រេតឌឺរីកសេន(Mette Frederiksen) បាននិយាយថា វាពិតជាធ្ងន់ធ្ងរណាស់ ហើយទាក់ទងនឹងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា ពិតជាពុំអាចទទួលយកបានទាំងស្រុងសម្រាប់នរណាម្នាក់ក្នុងការយកជម្លោះពីកន្លែងផ្សេងក្នុងពិភពលោក ចូលមកក្នុងសង្គមរបស់ប្រទេសដាណឺម៉ាក។
អង្គភាពសេវាចារកម្មអ៊ីស្រាអែល Mossad បានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា អង្គការភេរវកម្មក្រុមហាម៉ាស បាននិងកំពុងធ្វើការឥតឈប់ឈរ ដើម្បីពង្រីកប្រតិបត្តិការដ៍ឃោឃៅរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុប ហើយដោយហេតុនេះ បានបង្កើតជាការគំរាមកំហែងដល់សន្តិសុខក្នុងស្រុករបស់ប្រទេសជាច្រើន។