ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) ថា រដ្ឋបាលរបស់លោក នឹងដាក់ពិន័យលើក្រុមហ៊ុនផលិតឱសថរាប់សិបស្ថាប័ន ចំពោះការឡើងថ្លៃថ្នាំមួយចំនួនខ្ពស់ជាងអត្រាអតិផរណា ក្នុងជំហានមួយដែលនឹងកាត់បន្ថយការចំណាយខ្ពស់ហួសប្រមាណសម្រាប់អ្នកទទួលបានការថែទាំវេជ្ជសាស្រ្ត។

នៅក្នុងការលើកឡើងនៅវិទ្យាស្ថានជាតិសុខាភិបាល លោកប្រធានាធិបតីរូបនេះបាននិយាយថា ក្រុមហ៊ុនឱសថធំៗ នៅក្នុងឆ្នាំមុនពេលដែលច្បាប់នេះត្រូវបានអនុម័ត «បានឡើងថ្លៃ» ជិតបួនដងលើតម្លៃឱសថលឿនជាងកំណើនអតិផរណាទៅទៀត។
ច្បាប់ស្តីពីការកាត់បន្ថយអតិផរណា (IRA) ដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន រួមបញ្ចូលការផ្តល់ការពិន័យដល់ក្រុមហ៊ុនផលិតឱសថសម្រាប់ការឡើងតម្លៃថ្នាំលឿនជាងកម្រិតអតិផរណាដល់អ្នកដែលត្រូវទទួលការថែទាំវេជ្ជសាស្រ្ត ដែលជាកម្មវិធីមួយរបស់រដ្ឋាភិបាលសម្រាប់អ្នកមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និងជនពិការ។

តម្លៃឱសថចំនួន ៤៨មុខ ដែលស្ថិតក្រោមការថែទាំវេជ្ជសាស្រ្ត ផ្នែក B និងដែលគ្របដណ្តប់លើឱសថប្រើប្រាស់នៅមណ្ឌលសុខភាព បានកើនឡើងលឿនជាងអតិផរណានៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ នេះបើយោងតាមសេតវិមាន។
ឱសថទាំងនេះអាចជាកម្មវត្ថុនៃការបញ្ចុះកម្រិតអតិផរណានៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ជាលទ្ធផលនៃច្បាប់ស្តីពីការកាត់បន្ថយអតិផរណា ដែលលោកប្រធានាធិបតីប្រជាធិបតេយ្យ បៃដិន បានចុះហត្ថលេខាកាលពីឆ្នាំមុន៕