ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃម្សិលមិញនេះបានទទួលជួបសម្តែងការគួរសមលោក Matthieu LE GRIX នាយកផ្នែកកសិកម្មអភិវឌ្ឍន៍ជនបទ ជលផល និងជីវៈចម្រុះ នៃភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្មនៅកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងនៅក្នុងបណ្តាញសង្គមថា
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងគម្រោងអភិវឌ្ឍក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា រាល់គម្រោងអភិវឌ្ឍត្រូវមានការសិក្សា និងធ្វើឱ្យចំគោលដៅ ស្របតាមគោលនយោបាយ ធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ កាត់បន្ថយថ្លៃដើម ទទួលបានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍត្រូវមានការចូលរួម និងដឹកនាំអនុវត្តដោយក្រសួង ដើម្បីធានានូវប្រសិទ្ធភាពការគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការអនុវត្តស្របតាមគោលនយោបាយពិតប្រាកដ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបាននិងកំពុងជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករ ទាំងបញ្ហាបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី








