
ស្ថានភាពមនុស្សធម៌ដ៏អាក្រក់ នៅតំបន់ហ្កាហ្សា កំពុងជំរុញឲ្យបណ្តាប្រទេសសហភាពអឺរ៉ុបកាន់តែច្រើនគាំទ្រគំនិតនៃបទឈប់បាញ់មនុស្សធម៌ នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
នាយករដ្ឋមន្ត្រីអៀរឡង់លោក Leo Varadkar បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប(EU) កំពុងបាត់បង់ភាពជឿជាក់របស់ខ្លួន ដោយសារតែខ្វះជំហររឹងមាំក្នុងសង្គ្រាម ដោយជំរុញឲ្យសមភាគីរបស់លោកអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធគ្នាជាជាងការផ្អាកវាយប្រហារមានការកំណត់ ដើម្បីអនុញ្ញាតឲ្យផ្តល់ជំនួយមនុស្សធម៌ចូលទៅដល់ដែនដីនេះ។
ថ្លែងនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូល EU នៅទីក្រុងប្រ៊ុចសែល ដែលផ្តោតលើប្រទេសអ៊ុយក្រែន លោក Varadkar បានថ្លែងថា សហភាពអឺរ៉ុប គួរតែថ្កោលទោស «អំពើភេរវកម្មដែលប្រព្រឹត្តដោយក្រុមហាម៉ាស» ប៉ុន្តែក៏អំពាវនាវរកយុត្តិធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនផងដែរ។
ប្រទេសទាំង ២៧ របស់សហភាពអឺរ៉ុប មានការខ្វែងគំនិតគ្នាជាយូរមកហើយ នៅក្នុងវិធីសាស្រ្តរបស់ពួកគេសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន។ នៅក្នុងកិច្ចប្រជុំមុនរបស់ពួកគេ ក្នុងខែតុលា ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានអំពាវនាវឲ្យ «បន្តលទ្ធភាពមនុស្សធម៌ និងជំនួយដ៏ឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំង ដើម្បីទៅដល់អ្នកដែលត្រូវការ តាមរយៈវិធានការចាំបាច់ទាំងអស់ រួមទាំងច្រករបៀងមនុស្សធម៌ និងការផ្អាកការវាយប្រហារសម្រាប់តម្រូវការមនុស្សធម៌»។