
សមាជិកសភាចំនួន១៤រូប ត្រូវបានផ្អាកសុពលភាព កាលពីថ្ងៃព្រហស្បតិ៍ពីសភាប្រទេសឥណ្ឌាជុំវិញ «អាកប្បកិរិយាមិនសមរម្យ» របស់ពួកគេក្នុងអំឡុងពេលដំណើរការសភា។ សមាជិកទាំង១៤រូប មកពីគណបក្សនយោបាយប្រឆាំង។
ខណៈសមាជិកសភាចំនួន ១៣រូប ត្រូវបានផ្អាកសុពលភាពពីសភាជាន់ទាប «Lok Sabha» សភាមួយរូប ត្រូវបានផ្អាកពីសភាជាន់ខ្ពស់ »Rajya Sabha» ។
សមាជិកសភាដែលត្រូវបានផ្អាកសុពលភាពចំនួន៩រូប មកពីគណបក្សប្រឆាំងធំ គឺគណបក្ស Indian National Congress (INC) ពីររូបមកពីបក្សកុម្មុយនិស្តឥណ្ឌា (លទ្ធិម៉ាក្សនិយម) និង២រូបទៀត មកពីគណបក្ស DMK និងគណបក្សបក្សកុម្មុយនិស្តឥណ្ឌា (CPI) ។
សមាជិកសភាបានតវ៉ានៅខាងក្នុងសភា ដែលនាំឱ្យមានការពន្យារពេលប្រជុំជាញឹកញាប់ ជុំវិញការបំពានសន្តិសុខកាលពីថ្ងៃពុធនៅសភា ដែលយុវជនពីរនាក់បានលោតចូលក្នុងសភាជាន់ទាប និងបាញ់ផ្សែងពណ៌ ខណៈលើកបដាពាក្យប្រឆាំងរដ្ឋាភិបាល ដែលក្រោយមកយុវជនទាំងនោះ ត្រូវបានសន្តិសុខចាប់ខ្លួន។
ជាមួយគ្នានេះ យុវជនពីរនាក់ផ្សេងទៀត រួមមានស្ត្រីម្នាក់ បានធ្វើការតវ៉ាស្រដៀងគ្នានេះនៅខាងក្រៅសភា ក៏ត្រូវបានចាប់ខ្លួនផងដែរ។ យុវជនទាំងបួននាក់ បានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងស្រុក ក្នុងទីក្រុងឌេលី កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបញ្ជូនពួកគេទៅមន្ទីរឃុំឃាំងរបស់នគរបាលរយៈពេល៧ថ្ងៃ។