
មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី១៥ ខែធ្នូ) នេះ បាននិយាយថា កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ឬមីស៊ីលបាលីស្ទិក (ICBM) នៅខែនេះ ដោយការលើកឡើងនេះ កើតឡើងនៅមុនពេលមានការពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិក ជុំវិញការឆ្លើយតបទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
អនុទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក Kim Tae-hyo បានបដិសេធមិនបញ្ជាក់លម្អិតពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក ប៉ុន្តែបាននិយាយថា មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង គឺជាការផ្តោតដ៏សំខាន់នៃយុទ្ធសាស្ត្រ «ពង្រីកឆ័ត្រការពារ» របស់ទីក្រុងវ៉ាស៊ីនតោន។
នៅពេលលោកទៅដល់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Kim បានប្រាប់អ្នកសារព័ត៌មានថា៖ «ការពង្រីកយុទ្ធសាស្ត្រឆ័ត្រការពារ គឺពាក់ព័ន្ធនឹងការស្វែងរកមធ្យោបាយ ដើម្បីបំផ្លាញ (ការវាយប្រហារដោយនុយក្លេអ៊ែរ) ឲ្យបានឆាប់ និងដោយជោគជ័យ ហើយឥឡូវនេះ នៅក្នុងខែធ្នូ ខ្ញុំជឿថា ជារឿងអាចទៅរួច ដែលកូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិក (ICBM)»។
លោក Kim បានបន្ថែមថា មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងនេះ គឺជាការគំរាមកំហែងនុយក្លេអ៊ែរ ដោយមិនគិតពីចម្ងាយរបស់អាវុធនេះឡើយ ព្រោះអាវុធនេះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ កូរ៉េខាងជើងបានអភិវឌ្ឍ និងសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបនេះជារឿយៗ ដែលអាចបាញ់ដល់គោលដៅ នៅកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកដីគោក។
កូរ៉េខាងជើងបានសាកល្បងបាលីស្ទិករយៈចម្ងាយឆ្ងាយ កាលពីខែកក្កដា ដែលអ្នកវិភាគ បាននិយាយថា គឺជាការបាញ់បង្ហោះដោយជោគជ័យសម្រាប់ ICBM ឥន្ធនៈរឹង ដែលបានហោះលើគន្លងដ៏ខ្ពស់ និងដែលឡើងដល់រយៈកម្ពស់ ៦.៦៤៨គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ដែរថា កាលពីខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួនតាមយានអវកាសពីរដំណាក់កាល ដោយនាំឲ្យមានការថ្កោលទោសពីសំណាក់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក ដែលត្រូវបានហាមឃាត់៕