
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (វ្ល៉ាឌីមៀរ ពូទីន) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) មើលទៅហាក់ជាស្រឡាំងកាំងនិយាយស្ដីអ្វីមិនចេញមួយភ្លែត នៅពេលដែលលោកប្រឈមមុខនឹងរូបខ្លួនឯង ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។
«រូបភ្លោះនេះ» បានឆក់ឱកាសដាក់សំណួរទៅកាន់លោក ពូទីន អំពីបញ្ញាសិប្បនិម្មិត អំឡុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ ដែលអ្នកទូរស័ព្ទចូលរាប់សិបនាក់មកពីជុំវិញប្រទេស ត្រូវបានភ្ជាប់ជាមួយប្រធានាធិបតីតាមរយៈតំណវីដេអូ។
សម្រាប់សំណួរ ដែលធ្វើឲ្យចូលរួមផ្ទុះសំណើចពេញសាលជាមួយលោក ពូទីន នៅទីក្រុងមូស្គូនោះ រូបភ្លោះរបស់លោក ពូទីន បានសួរថា៖ «សួស្ដី! លោក វ្ល៉ាឌីមៀរ វ្ល៉ាឌីមៀរ៉ូវិច ខ្ញុំជានិស្សិតនៅសកលវិទ្យាល័យរដ្ឋ នៅទីក្រុង St Petersburg។ ខ្ញុំចង់សួរថា តើពិតទេ អ្នកមានបងប្អូនភ្លោះច្រើន?។ ហើយសុំសួរផងដែរថា តើអ្នកយល់យ៉ាងណា ចំពោះគ្រោះថ្នាក់ ដែលបញ្ញាសិប្បនិម្មិត និងប្រព័ន្ធរបស់ AI ប៉ះពាល់ជីវិតរបស់ពួកយើង?»
សំណួរនេះបានធ្វើឲ្យមានការឈប់ដ៏កម្រមួយស្របក់ពីលោក ពូទីន ដែលឆ្លើយសំណួររួចហើយ ៤ម៉ោង នៅក្នុងព្រឹត្តិការណ៍រយៈពេលវែងនេះ។ លោកបានឆ្លើយថា៖ «ខ្ញុំឃើញថា អ្នកប្រហែលជាស្រដៀងនឹងខ្ញុំ ហើយនិយាយដោយប្រើសំឡេងរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំបានគិតអំពីវា ហើយបានសម្រេចចិត្តថា មានតែមនុស្សម្នាក់ ត្រូវតែដូចខ្ញុំ ហើយនិយាយជាមួយសំឡេងរបស់ខ្ញុំ ហើយនោះនឹងក្លាយជាខ្ញុំ»។ លោក ពូទីន បានបន្ថែមថា នោះជារូបភ្លោះដំបូងរបស់ខ្ញុំ»។
មានការរំពឹងទុកដដែលៗ ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដែលថា លោក ពូទីន មានរូបមួយ ឬច្រើន ដើម្បីបិទបាំងលោក នៅក្នុងការបង្ហាញខ្លួនជាសាធារណៈមួយចំនួន ដោយសារតែបញ្ហាសុខភាព។ វិមានក្រឹមឡាំងបានបដិសេធរឿងនោះ ហើយបាននិយាយថា សុខភាពរបស់ប្រធានាធិបតី គឺរឹងមាំណាស់៕