
ក្រុមប្រឹក្សាអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសសហភាពអឺរ៉ុប បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី១២ ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលមានន័យថា ការហាមឃាត់ជាដំណាក់កាលលើការនាំចូលពេជ្រពីរុស្ស៊ី ក្នុងចំណោមវិធានការផ្សេងទៀត នឹងចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា។
សហភាពអឺរ៉ុប បាននិងកំពុងបន្ថែមទណ្ឌកម្មតាមផ្នែក និងជាលក្ខណៈបុគ្គល ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងការកិច្ចប្រឹងប្រែង ដើម្បីកាត់ផ្តាច់ប្រាក់ចំណូល និងគ្រឿងយុទ្ធោបករណ៍ដែលផ្គត់ផ្គង់យន្តការសង្រ្គាមរបស់ទីក្រុងមូស្គូ។
សេចក្តីថ្លែងការណ៍រួមរបស់ខ្លួន បានឲ្យដឹងថា៖«ក្រុមប្រឹក្សាអឺរ៉ុប ស្វាគមន៍ការអនុម័តកញ្ចប់ទណ្ឌកម្ម ទី១២នេះ»។
ប្រភពការទូត បាននិយាយថា ខណៈពេលដែលអត្ថបទស្តីពីកញ្ចប់នេះ ត្រូវបានយល់ព្រមដោយប្រទេសទាំងអស់ នៅដើមសប្តាហ៍នេះ ប្រទេសអូទ្រីស បានរក្សាការយល់ព្រមចុងក្រោយរបស់ខ្លួន រហូតដល់ល្ងាច ថ្ងៃព្រហស្បតិ៍។ ប្រទេសអូទ្រីស បាននិយាយកាលពីថ្ងៃពុធ ខណៈពេលដែលខ្លួនមិនត្រូវបានជំទាស់ រដ្ឋធានីនេះ ត្រូវការពេលវេលា ដើម្បីពិនិត្យមើលអត្ថបទច្បាប់នេះថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយថា ប្រទេសនេះ បាននិងកំពុងព្យាយាមឲ្យធនាគារ Raiffeisen International ដែលជាធនាគារលោកខាងលិចដ៏ធំបំផុត នៅក្នុងប្រទេសរុស្ស៊ី បានបិទបញ្ជីខ្មៅរបស់អ៊ុយក្រែន ជាថ្នូរនឹងការចុះហត្ថលេខាលើការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ី។