ជប៉ុន ៖ប្រជាពលរដ្ឋ កម្មសិក្សាការី និងនិស្សិតខ្មែរនៅប្រទេសជប៉ុន បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា នៅទីក្រុង តូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពកាលពីរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣នេះ។
ក្នុងឱកាសការអញ្ជើញដល់របស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលរស់នៅ និងកំពុងសិក្សាក្នុងប្រទេសជប៉ុនយ៉ាងច្រើនកុះករ មកទទួលស្វាគមន៍ចំពោះដំណើរអញ្ជើញដល់សណ្ឋាគាររបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។
សូមជម្រាបថាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន។
កិច្ចប្រជុំកំពូលនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និងជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួមដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន ទី១ ភាពជាដៃគូមិត្តគ្រប់ជំនាន់ ទី២ ដៃគូសម្រាប់កិច្ចសហប្រតិបត្តិការបង្កើតសេដ្ឋកិច្ច និងសង្គមនៃអនាគត និងទី៣ ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះសម្តេចធិបតីនឹងមានជំនួបកំពូលទ្វេភាគីជាមួយ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុនដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្ដីបារម្ភ និងផលប្រយោជន៍រួមផងដែរ។ បន្ថែមពីនេះនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបីពាក់ព័ន្ធនឹងធារាសាស្ត ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតលើវិស័យឌីជីថល ធនាគារ និងថាមពល។
សម្ដេចធិបតីក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយស្ដីពីអន្តរការណ៍ថាមពល និងជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូសម្ដេចធិបតីក៏នឹងមានជំនួបអាហារការងារពេលព្រឹកជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ បន្ទាប់មកទៀតសម្ដេចធិបតីក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅប្រទេសជប៉ុនផងដែរ៕ ដោយ ៖ ដារា





