
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃសុក្រ (ទី១៥ ខែធ្នូ) នេះ បានឲ្យដឹងថា ការប្រើប្រាស់ធ្យូងថ្មទូទាំងពិភពលោក គួរតែចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំក្រោយ បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៣ នេះ។
ការព្យាករណ៍ចុងក្រោយរបស់ IEA បានកើតឡើង បន្ទាប់ពីប្រទេសជិត ២០០ នៅឯកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP28 បានអនុម័តកិច្ចព្រមព្រៀង ដែលបញ្ជាក់ថា ពិភពលោកនឹង «ផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល» ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ២០២៥ និងកំណត់ការឡើងកម្ដៅផែនដី។
ធ្យូងថ្មគឺជាប្រភពថាមពលដ៏ធំបំផុត ក្នុងចំណែកនៃការបំភាយឧស្ម័ន CO2 រួមជាមួយនឹងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត ដែលនាំឲ្យផែនដីឡើងកម្ដៅ។ អ្នកវិទ្យាសាស្ត្រនិយាយថា ភពផែនដីបានឡើងកម្ដៅដល់ទៅ ១,២អង្សាសេ ពោលគឺលើសពីកម្រិតមុនឧស្សាហកម្ម ហើយរំពឹងថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏ក្តៅបំផុត ក្នុងកំណត់ត្រា ខណៈព្យុះ គ្រោះរាំងស្ងួត និងចំហេះឆេះព្រៃដ៏មហន្តរាយ បានរីករាលដាល នៅជុំវិញពិភពលោក។
IEA បាននិយាយថា ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលកខ្វក់បំផុត បានកើនឡើង ១,៤ភាគរយ ក្នុងឆ្នាំ២០២៣ នោះ ដោយឡើងដល់ចំនួន ៨,៥ពាន់លានតោន ខណៈដែលការកើនឡើង នៅក្នុងប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ី បានវ៉ាដាច់ពីតម្រូវការ ដែលធ្លាក់ចុះយ៉ាងខ្លាំង នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ទីភ្នាក់ងារនេះ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានលើកឡើងថា៖ «យើងរំពឹងថា នឹងឃើញនិន្នា ដែលកំពុងលេចរូបរាងឡើងនៃការថយចុះតម្រូវការធ្យូងថ្មទូទាំងពិភពលោក ដោយចាប់ផ្តើមពីឆ្នាំ២០២៤ ខណៈដែលការផលិតថាមពលកកើតឡើងវិញពីពន្លឺព្រះអាទិត្យ និងខ្យល់ បន្តកើនឡើង»៕