
ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី១៥ ខែធ្នូ) នេះ បានប្រាប់ថា ខ្លួនបានសម្តែងការសោកស្ដាយ និងបានដាក់ការតវ៉ាជាផ្លូវការទៅកាន់ប្រទេសចិន និងរុស្ស៊ី ជុំវិញការរំលោភចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ពីសំណាក់យន្តហោះយោធារបស់ប្រទេសជិតខាង កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ)។
ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការតវ៉ានេះត្រូវបានបញ្ជូនទៅដោយប្រធានការិយាល័យគោលនយោបាយអន្តរជាតិរបស់ក្រសួងទៅកាន់មន្ត្រីជំនួយការយោធា ដែលឈរជើងនៅស្ថានទូតចិន និងរុស្ស៊ី ក្នុងទីក្រុងសេអ៊ូល។ ក្នុងសេចក្ដីថ្លែងការណ៍នោះ ក្រសួងបានលើកឡើងថា៖ «ក្រសួងបានសម្តែងការសោកស្ដាយ ចំពោះប្រទេសទាំង២ ជុំវិញការហោះហើរជិតដែនអាកាសរបស់យើងពីលើតំបន់រសើប ដោយគ្មានការជូនដំណឹងជាមុន»។
សូមបញ្ជាក់ថា កូរ៉េខាងត្បូង និងជប៉ុន បានបញ្ចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ នៅពេលដែលយន្តហោះយោធាចិន ២គ្រឿង និងរុស្ស៊ី ៤គ្រឿង បានហោះពីលើសមុទ្រ រវាងប្រទេសទាំង២ ហើយចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ពួកគេ។
ទីក្រុងមូស្គូមិនទទួលស្គាល់តំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូងទេ ខណៈទីក្រុងប៉េកាំងបាននិយាយថា តំបន់នេះ មិនមែនជាដែនអាកាសនៅក្រោមការត្រួតត្រានោះឡើយ ហើយប្រទេសទាំងអស់ គួរតែទទួលបានសេរីភាពនៃការធ្វើបម្លាស់ទី នៅទីនោះ៕