
សារព័ត៌មាន Pucara បានរាយការណ៍នៅថ្ងៃទី១៥ ខែធ្នូនេះថា អាហ្សង់ទីន មានបំណងផ្ទេរឧទ្ធម្ភាគចក្រ Mi-171E ពីរគ្រឿង ដែលបានទិញពីរុស្ស៊ី ទៅឲ្យអ៊ុយក្រែន។
ឧទ្ធម្ភាគចក្រទាំងនេះ ត្រូវបានទិញដោយប្រទេសអាហ្សង់ទីនពីប្រទេសរុស្ស៊ីសម្រាប់បេសកកម្មដឹកជញ្ជូន និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅអង់តាក់ទិក។
ទន្ទឹមនឹងការទិញនេះ កិច្ចសន្យាបឋមសម្រាប់ឧទ្ធម្ភាគចក្របីគ្រឿងទៀត ត្រូវបានចុះហត្ថលេខា ប៉ុន្តែមិនទាន់ត្រូវបានសម្រេច។
ឧទ្ធម្ភាគចក្រ Mi-171E បានបរាជ័យក្នុងការត្រួតពិនិត្យជាប្រចាំ ដោយសារបញ្ហានៅក្នុងប្រទេសរុស្ស៊ី មួយផ្នែកដោយសារការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ អាហ្សង់ទីន បានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ពួកគេ។
សហរដ្ឋអាមេរិក បានស្នើឲ្យផ្ទេរឧទ្ធម្ភាគចក្រទាំងនេះទៅអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលអាហ្សង់ទីនមុន បានជំទាស់នឹងគំនិតនេះ។ បច្ចុប្បន្ននេះ ការចរចា កំពុងដំណើរការ ដើម្បីឲ្យកាត់បន្ថយថ្លៃដើមនៃឧទ្ធម្ភាគចក្រ ជាការបញ្ចុះតម្លៃពីការទូទាត់លើកដំបូងរបស់ប្រទេសអាហ្សង់ទីនសម្រាប់ការទិញយន្តហោះF-16 ពីសហរដ្ឋអាមេរិក។