
ប្រទេសហូឡង់ អាចបន្តផ្តល់គ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-35 ដែលអ៊ីស្រាអែលប្រើប្រាស់នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីតុលាការរបស់ប្រទេសហូឡង់នៅថ្ងៃសុក្រនេះ បានច្រានចោលសំណុំរឿងមួយដែលបានប្តឹងដោយក្រុមអង្គការសិទ្ធិមនុស្ស។
តុលាការស្រុកនៅទីក្រុងឡាអេ បាននិយាយថា ការផ្គត់ផ្គង់គ្រឿងបន្លាស់ គឺជាការសម្រេចចិត្តផ្នែកនយោបាយយ៉ាងសំខាន់ ដែលចៅក្រម មិនគួរជ្រៀតជ្រែកឡើយ។
តុលាការនេះ បានសម្រេចថា៖«ការពិចារណាដែលរដ្ឋមន្ត្រីបានធ្វើឡើងនោះ គឺក្នុងកម្រិតដ៏ធំនៃលក្ខណៈនយោបាយ និងគោលនយោបាយ ហើយចៅក្រម គួរតែទុកឲ្យរដ្ឋមន្ត្រី មានសេរីភាពច្រើន»។
អង្គការនានា រួមទាំងសាខាក្នុងស្រុករបស់អង្គការលើកលែងទោសអន្តរជាតិ បានអះអាងថា ការផ្គត់ផ្គង់គ្រឿងបន្លាស់នេះ បានរួមចំណែកដល់ការរំលោភច្បាប់អន្តរជាតិដោយអ៊ីស្រាអែល នៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាស។
គ្រឿងបន្លាស់យន្តហោះ F-35 ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ត្រូវបានរក្សាទុក នៅឃ្លាំងមួយក្នុងប្រទេសហូឡង់ ហើយបន្ទាប់មកបានដឹកជញ្ជូនទៅកាន់ដៃគូជាច្រើន រួមទាំងអ៊ីស្រាអែល តាមរយៈកិច្ចព្រមព្រៀងនាំចេញ ដែលមានស្រាប់។