
កណ្ដាល៖ ក្នុងពេលអាជ្ញាធររាជធានីភ្នំពេញកំពុងអនុវត្តការរុះរើ និងចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយតាមផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតមកទល់ពេលនេះ មានផ្ទះបណ្តែតទឹកជាប្រភេទបែចិញ្ចឹមត្រីចំនួនជាង៣០០ កំពុងចតនៅព្រំប្រទល់រវាងខណ្ឌព្រែកព្នៅ និងស្រុកពញ្ញាឮ ខេត្តកណ្តាល។
ចាប់តាំងពីអាជ្ញារាជធានីភ្នំពេញ អនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក មិនរៀបរយនៅលើផ្ទៃទឹកទន្លេ នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន៥ រួមមាន៖ ខណ្ឌជ្រោយចង្វា ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ គិតមកទល់នឹងដើមសប្ដាហ៍នេះ មានផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីជាង១ពាន់កន្លែងបានរុះរើ និងចល័តចេញពីដងទន្លេ។
លោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ បានប្រាប់BTV នៅថ្ងៃទី១៧ ខែមិថុនានេះ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលចាប់ពីថ្ងៃទី០៩ មក មានផ្ទះបណ្តែតទឹកជាប្រភេទបែចិញ្ចឹមត្រីជាច្រើន បានចល័តចូលមកក្នុងភូមិសាស្ត្រតាមដងទន្លេសាបនៃស្រុកពញ្ញាឮ ប៉ុន្តែ អនុវត្តតាមការណែនាំរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កម្លាំងគណ:បញ្ជាការឯកភាពស្រុកពញ្ញាឮ មិនអនុញ្ញាតឱ្យមានការចល័តចូលក្នុងភូមិសាស្ត្រនៃស្រុករបស់ខ្លួនឡើយ។
លោក ហេង គឹមហៀង បានបន្តថា អំឡុងអនុញ្ញាតការចតរបស់បែចិញ្ចឹមត្ រីនៅចំនុចត្រឹមព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរបានរកឃើញមានបែចិញ្ចឹមត្រីមួយចំនួនបានឆ្លៀតឱកាសចល័តចូលក្នុងស្រុកពញាឮ ក្នុងពេលកម្លាំងចុះល្បាតតាមដងទន្លេសាបផងដែរ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែបអាណាធិបតេយ្យនេះ បានបង្កឱ្យរងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ៕ អត្ថបទ៖ ឧត្តម