
យោងតាមតុលាការ បានឲ្យដឹងថា សមាជិក ៣នាក់នៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស នឹងត្រូវនាំខ្លួនទៅចំពោះមុខចៅក្រមស៊ើបអង្កេតនៃតុលាការយុត្តិធម៌សហព័ន្ធ នៅថ្ងៃសុក្រ (ទី១៥ ខែធ្នូ) នេះ។ ហើយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) រដ្ឋអាជ្ញាអាល្លឺម៉ង់ បាននិយាយថា សមាជិក ៤នាក់នៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាសនេះ ត្រូវបានឃុំខ្លួនពីបទសង្ស័យរៀបចំផែនការវាយប្រហារលើស្ថាប័នជនជាតិជ្វីហ្វ នៅអឺរ៉ុប។
យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា ជនសង្ស័យ ៣រូប ត្រូវបានឃុំខ្លួននៅទីក្រុងប៊ែរឡាំង និងម្នាក់ទៀត ត្រូវបានឃុំខ្លួន នៅក្នុងប្រទេសហូឡង់។
ជនសង្ស័យសញ្ជាតិហូឡង់ឈ្មោះ Nazih R ត្រូវបានចាប់ខ្លួនដោយនគរបាល នៅទីក្រុង Rotterdam ខណៈដែលឈ្មោះ Abdelhamid Al A និង Ibrahim El-R ដែលមានដើមកំណើតលីបង់ ក៏ដូចជាជនជាតិអេហ្ស៊ីបឈ្មោះ Mohamed B ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់។
ជនសង្ស័យ Abdelhamid Al A ត្រូវបានថ្នាក់ដឹកនាំក្រុមហាម៉ាស ក្នុងប្រទេសលីបង់ប្រគល់ភារកិច្ចឲ្យស្វែងរកប្រភពអាវុធ។ រដ្ឋអាជ្ញាបានប្រាប់ថា គ្រឿងសព្វាវុធទាំងនោះ នឹងត្រូវយកទៅទីក្រុងប៊ែរឡាំង ហើយរក្សាទុក ដើម្បីត្រៀមសម្រាប់ការវាយប្រហារភេរវករ ដែលអាចនឹងកើតមានប្រឆាំងនឹងស្ថាប័នជនជាតិជ្វីហ្វ។ អាជ្ញាធរអឺរ៉ុប បានព្រមានពីហានិភ័យនៃការវាយប្រហារ ពីសំណាក់ពួកអ៊ីស្លាមជ្រុលនិយម ដោយសារសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស៕