
បើយោងតាមកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានឲ្យដឹងថា រូបភាពពីវីដេអូមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) ដោយទូរទស្សន៍ហ្ស៊កដានី បានបង្ហាញឲ្យឃើញពីព្រះនាង Salma bint Abdullah II របស់ប្រទេសហ៊្សកដានី គង់នៅលើយន្តហោះ ដែលកំពុងទម្លាក់ជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់មន្ទីរពេទ្យបណ្ដោះអាសន្នរបស់ហ្ស៊កដានី ក្នុងតំបន់ហ្កាហ្សា។
នេះមិនមែនជាលើកទី១ ទេ ដែលកងកម្លាំងទ័ពអាកាសរបស់ហ្ស៊កដានី បានទម្លាក់ជំនួយផ្នែកវេជ្ជសាស្ត្របន្ទាន់ទៅកាន់តំបន់ឆ្នេរដ៏តូចនេះ ចំពេលជម្លោះ រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីន បន្តមានកាន់តែខ្លាំងឡើងៗ។
អ៊ីស្រាអែលបាននិងកំពុងវាយលុកតំបន់ហ្កាហ្សាប្រវែង ២៥ម៉ាយល៍ (៤០គីឡូម៉ែត្រ) ដោយមិនមានសញ្ញានៃការផ្អាក ក្នុងអរិភាពនេះ ឬបទឈប់បាញ់ ដែលនឹងអនុញ្ញាតឲ្យមានការផ្តល់ការផ្គត់ផ្គង់មូលដ្ឋានចាំបាច់ខ្លាំង សម្រាប់ជនស៊ីវិល ដើម្បីបានរស់រានមានជីវិត ខណៈដែលផ្ទះសម្បែងរបស់ពួកគេ ត្រូវបានបំផ្លាញ។
អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សានេះ ដើម្បីជាការសងសឹក ចំពោះការវាយប្រហារយ៉ាងកំរោលរបស់ក្រុមហាម៉ាស់ ជាក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ដោយពួកសកម្មប្រយុទ្ធរបស់ក្រុមនេះ បានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១,២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ នៅក្នុងការវាយឆ្មក់ឆ្លងព្រំដែន កាលពីថ្ងៃទី៧ ខែតុលា៕