
យោធាអ៊ីស្រាអែលបានយកមកវិញនូវសពជនជាតិអ៊ីស្រាអែល ៣នាក់ ដោយមានជនស៊ីវិលម្នាក់ និងទាហាន ២នាក់ ដែលត្រូវបានក្រុមហាម៉ាសឃុំខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងពេលមានការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា នៅភាគខាងត្បូងអ៊ីស្រាអែល។
យោធាបានឲ្យដឹងថា ទាហានឈ្មោះ Elia Toledano វ័យ ២៨ឆ្នាំ និងឈ្មោះ Nik Beizer វ័យ ១៩ឆ្នាំ និងសពម្នាក់ទៀតឈ្មោះ Ron Scherman ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងដំណើរការ ដែលធ្វើឡើងដោយមន្ត្រីពេទ្យ គ្រូបង្ហាត់យោធា និងអ្នកជំនាញផ្នែកកោសល្យវិច្ច័យ។ យ៉ាងណាក្ដី យោធាមិនបានបញ្ជាក់លម្អិតអំពីពេលវេលានៃការស្លាប់របស់ពួកគេ ឬទីណា នៅតំបន់ហ្កាហ្សា ដែលសពទាំងនេះ ត្រូវបានយកមកវិញ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ទាហានឈ្មោះ Toledano ត្រូវបានក្រុមហាម៉ាស នាំយកខ្លួនពីកន្លែងប្រគុំតន្ត្រីហាលវាល ជាកន្លែង ដែលត្រូវបានប្រែក្លាយទៅជាការសម្លាប់រង្គាល។
អ៊ីស្រាអែលនិយាយថា មនុស្ស ២៤០នាក់ ក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ និងបានសម្លាប់មនុស្ស ១.២០០នាក់ នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្រុកចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។
រីឯអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា ការទម្លាក់គ្រាប់បែក និងប្រតិបត្តិការជើងគោកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីពេលនោះមក បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១៨.០០០នាក់ ធ្វើឲ្យរងរបួសរាប់ម៉ឺននាក់ទៀត និងបានបង្ខំឲ្យពាក់កណ្តាលនៃចំនួនប្រជាជនចំនួន ២,៣លាននាក់នៃតំបន់នេះផ្លាស់ទីលំនៅ៕