
វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី១៥ ខែធ្នូ) នេះ បាននិយាយថា កិច្ចព្រមព្រៀងការពារជាតិ ដែលបានគ្រោងទុក រវាងប្រទេសហ្វាំងឡង់ និងសហរដ្ឋអាមេរិក នឹងនាំឲ្យមានភាពតានតឹង រវាងទីក្រុងហែលស៊ិនគី និងទីក្រុងម៉ូស្គូ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសរុស្ស៊ីនឹងចាត់ទុកវត្តមានហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូ នៅជិតព្រំដែនរបស់ខ្លួនថា ជាការគំរាមកំហែង។ លោក Peskov បានប្រាប់ថា៖ «នេះពិតជានឹងនាំឲ្យមានភាពតានតឹងជាមិនខាន។ យើងអាចត្រឹមតែមានការសោកស្តាយ ចំពោះរឿងនេះ»។
លោកបានបន្ថែមថា៖ «យើងមានទំនាក់ទំនងល្អជាមួយប្រទេសហ្វាំងឡង់។ គ្មានភាគីណាគំរាមកំហែងភាគីណា ពោលគឺគ្មានបញ្ហា ឬការត្អូញត្អែរប្រឆាំងគ្នាទៅវិញទៅមកនោះឡើយ។ គ្មានភាគីណារំលោភលើផលប្រយោជន៍ភាគីណាឡើយ ពោលគឺមានតែការគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែឥឡូវនេះ នៅពេលដែលហ្វាំងឡង់ជាសមាជិកអង្គការណាតូ ហើយហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូ នឹងចូលទៅក្នុងដែនដីហ្វាំងឡង់រួចហើយនោះ វានឹងបង្កការគំរាមកំហែងជាក់ស្តែងដល់ពួកយើង»។
សូមបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកថ្មីចុងក្រោយបំផុតរបស់អង្គការណាតូ នៅឆ្នាំនេះ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី១៨ ខែធ្នូ)៕