
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ បានស្វាគមន៍ការបើកច្រក Kerem Shalom ចូលទៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែបាននិយាយថា ការងារនៅតែចាំបាច់ត្រូវធានាថាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសំខាន់ៗ បានទៅដល់មន្ទីរពេទ្យដែលត្រូវការចាំបាច់នៅទូទាំងតំបន់ហ៊ុមព័ទ្ធនោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ តាមរយៈបណ្តាញវីដេអូ លោកវេជ្ជបណ្ឌិត Richard Peeperkorn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ហ្កាហ្សា បានចាត់ទុកការបើកច្រកនេះថាជា «ដំណឹងល្អ» ប៉ុន្តែបាននិយាយថា មានមន្ទីរពេទ្យជាច្រើនដែលពិបាកទៅដល់នៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធ ដែលនៅតែត្រូវការការផ្គត់ផ្គង់វេជ្ជសាស្រ្តជាចាំបាច់។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលបានអនុម័តឲ្យមានការនាំចូលជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា តាមរយៈច្រកឆ្លងកាត់ Kerem Shalom ។
ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបើកច្រកនេះ នឹងអនុញ្ញាតឱ្យអ៊ីស្រាអែលរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានរថយន្តដឹកជំនួយចំនួន ២០០គ្រឿងក្នុងមួយថ្ងៃចូលមក ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងចំណាប់ថ្នូរ ដែលត្រូវបានសម្របសម្រួលនិងអនុវត្ត កាលពីខែមុន។