
កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលស្គាល់ជាផ្លូវការថា ប្រទេសរបស់លោកកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។
ថ្លែងក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ លោកគីម បាននិយាយថា ស្ថានភាពស្បៀងអាហាររបស់ប្រជាពលរដ្ឋលោក កាន់តែធ្ងន់ធ្ងរទៅហើយ។
លោកនិយាយថា វិស័យកសិកម្មមិនបានឈានដល់គោលដៅចង់បាននោះ ដោយសារតែព្យុះកាលពីឆ្នាំមុន បង្កឲ្យមានទឹកជំនន់។
មាននូវរបាយការណ៍បញ្ជាក់ផងដែរថា តម្លៃចំណីអាហារ បានហក់ឡើងខ្ពស់ខ្លាំង ក្នុងនោះសារព័ត៌មាន NK News បានរាយការណ៍ថា ចេក១គីឡូក្រាម មានតម្លៃរហូតដល់ទៅ ៤៥ដុល្លារ នៅកូរ៉េខាងជើង ។
គួរឲ្យដឹងថា កូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺ COVID-19 ។ ពាណិជ្ជកម្មជាមួយចិន បានដាំក្បាលចុះ ដោយសារតែវីរុសដ៏កាចសាហាវនេះ។ កូរ៉េខាងជើង ពឹងផ្អែកទាំងស្រុងលើចិន សម្រាប់ស្បៀងអាហារ ជី និងប្រេងឥន្ធនៈ៕