
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឲ្យម្ចាស់ និងតំណាងក្រុមហ៊ុនធំៗជាច្រើនរបស់ជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ បានកំពុងបំពេញទស្សន កិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០។ តាមគម្រោងក្នុងដំណើរទស្សនកិច្ចនេះសម្តេចធិបតី នាយករដ្ឋមន្រ្តីនឹងមានជំនួបកំពូលទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជ៉បុន លោកគីស៊ីដា ហ៊្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន។ជួបថ្នាក់ដឹកនាំកំពូលៗ រួមទាំងថ្នាក់ដឹកនាំ បណ្តាក្រុមហ៊ុនជាច្រើនទៀតរបស់ជប៉ុនផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានផ្តល់កិច្ចជំនួបដាច់ដោយ ឡែកពីគ្នាដល់ម្ចាស់ក្រុម ដូចជាលោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation,លោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation, លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI), និងលោក អ៊ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Packageជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យ ដឹងថា ក្រៅពីចូលរួមកិច្ចប្រជុំ និងកិច្ចជំនួបខាងលើ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោង ចំនួនបី ពាក់ព័ន្ធនឹងធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិច ព្រមទាំងឯកសារកិច្ច សហប្រតិបត្តិការផ្សេងៗទៀត លើវិស័យឌីជីថល ធនាគារ និងថាមពលផងដែរ៕ អត្ថបទ៖ បាន ចក់


