
ភ្នំពេញ៖ ក្នុងអំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ កម្រិតអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំជំនួបពាណិជ្ជកម្ម ស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានក្រុមហ៊ុនចូលរួមសរុបចំនួន៣២ មកពី១៥ប្រទេស រួមមានវៀតណាម ថៃ ចិន ហុងកុង ជប៉ុន ឥណ្ឌូនេស៊ី និងសហរដ្ឋអាម៉េរិក។ល។
ឯកឧត្តម អ៊ុ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើកជំនួបពាណិជ្ជកម្មនេះ បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិនិយោគិន ធុរជនកម្ពុជា និងបរទេស អាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់នៃការធ្វើអាជីវកម្ម និងឱកាសវិនិយោគ ជាពិសេសដៃគូអាជីវកម្មនៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានសម្តែងការកោតសសើរ និងលើកទឹកចិត្តឲ្យអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក៏ដូចជាភាគីពាក់ព័ន្ធ រៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះបន្តទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងវិស័យឯកជនកម្ពុជា និងបរទេស ដើម្បីផ្តល់ឱកាសអាចភ្ជាប់បណ្តាញដៃគូសក្តានុពល អ្នកផ្គត់ផ្គង់ និងអតិថិជន ជាពិសេសនាំទៅរកកិច្ចសហការអាជីវកម្មថ្មី ភាពជាដៃគូសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
សូបញ្ជាក់ថា ជំនួបពាណិជ្ជកម្ម ស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញឲ្យក្រុមហ៊ុនដែលបានចូលរួមនេះ ទទួលបានការយល់ដឹង ចំណេះដឹងថ្មីៗពីដៃគូ (អ្នកទិញ-អ្នកលក់) , យល់ដឹងពីនិន្នាការទីផ្សារ ឱកាសទីផ្សារ និងបង្ហាញផលិតផល ឬសេវាកម្មថ្មីៗ , មានឱកាសបានបង្ហាញពីម៉ាកយីហោ និងកេរិ៍ឈ្មោះរបស់ក្រុមហ៊ុនជាមួយដៃគូដែលគួរឲ្យទុកចិត្ត ដែលអាចទាក់ទាញអតិថិជន វិនិយោគិន និងឱកាសអាជីវកម្មកាន់តែច្រើន។ លើសពីនេះទៀត ជំរុញឲ្យមានកិច្ចសហការ និងភាពដៃគូដែលនាំមកនូវការអភិវឌ្ឍន៍ផលិតផលរួមគ្នា ឬកិច្ចព្រមព្រៀងចែកចាយផលិតផលរវាងក្រុមហ៊ុនជាដៃគូរ។
ក្រសួងពាណិជ្ជកម្មកម្ពុជា រំពឹងថា ផលិតផលសក្តានុពល ដែលមានឱកាសចាប់យកទីផ្សារបានច្រើន បន្ទាប់ពីការរៀបចំវេទិកានេះ មានដូចជា៖ ស្រូវអង្ករ ដំឡូងមី ម្រេច ចេកអំបូងលឿង មៀនប៉ៃលិន ស្វាយចន្ទីរ និងផលិតផលកសិកម្ម ព្រមទាំងផលិតផលកែច្នៃមួយចំនួនទៀត៕







