ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនានេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបូរី ប្រចាំនៅកម្ពុជានៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី បានគាំទ្រកម្ពុជារៀបចំកិច្ចប្រជុំទេសចរណ៍អាស៊ាន ATF 2022 និងគាំទ្រអោយរៀបចំកិច្ចប្រជុំទល់មុខគ្នា រៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍នានាទៀត នៅក្នុងកិច្ចប្រជុំទេសចរណ៍អាស៊ាននាដើមឆ្នាំ២០២២ខាងមុខនេះ។
នៅពេលដែលស្ថានភាពកូវីដ-១៩នៅកម្ពុជា មានការធូរស្រាលនៅពេលខាងមុខនេះ លោកជំទាវ TEO Lay Cheng ក្នុងនាមតំណាងអោយរដ្ឋាភិបាលសិង្ហបុរីនៅកម្ពុជា សូមសំដែងគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធ សា្តរវិស័យទេសចរណ៍កម្ពុជា និងទេសចរណ៍អាស៊ានឡើងវិញអោយបានល្អប្រសើរ និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ ដើរតួសំខាន់ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន និងគិតគូរការបើកទេសចរណ៍នៅក្នុងតំបន់អាស៊ានឡើងវិញ។
នៅក្រោយជំនួបនោះ ឯកឧត្ដម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ បានថ្លែងថា នៅក្នុងជំនួបនោះ ភាគីសឹង្ហបូរី បានគាំទ្រអោយកម្ពុជា រៀបចំកម្ពុជាកិច្ចប្រជុំទល់មុខគ្នារវាងឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទេសចរណ៍ក្នុងតំបន់អាស៊ាន និងមានការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍នានាទៀត ប្រសិនបើស្ថានការកូវីដ១៩មានភាពធូរស្រាល និងស្ថានភាពជាក់ស្តែងមានការអនុញ្ញាតនៅថ្ងៃខាងមុខ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសសិង្ហបុរី ស្ថិតក្នុងលំដាប់លេខរៀងទី១ ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់លេខរៀងទី២ ខណៈប្រទេសឥណ្ឌូនេស៊ី ស្ថិតក្នុងលំដាប់លេខរៀងទី៣ នៅក្នុងចំណោមប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន ដែលបានខិតខំជម្រុញការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសបានច្រើនជាងគេបំផុត។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងជំនួបនេះ បានរំលឹកថា កាលពីកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ កាលពីខែកុម្ភៈ ដើមឆ្នាំ២០២១នេះ រដ្ឋមន្ត្រីទេសចរណ៍បណ្តាប្រទេសក្នុងតំបន់អាស៊ាន បានជម្រុញគាំទ្រលើកទឹកចិត្តអោយអាស៊ានបើកទទួលស្វាគមន៍ទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩រួចហើយអោយបានឆាប់និងត្រូវតំកល់វិធានសុវត្ថិភាពជាអាទិភាព។
ឯកឧត្ដម បន្តថា សម្រាប់ការងារនេះ កម្ពុជាវិញ គឺបានត្រៀមខ្លួន និងបានរៀបចំផែនការរួចហើយ ហើយយើងបាននិងកំពុងរង់ចាំពិភាក្សាការងារជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ហើយបើស្ថានភាពកូវីដ-១៩អំណោយផលនៅពេលណា គឺយើងនឹងអនុវត្តសាកល្បងបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងកូវីដ១៩រួចហើយ មកទស្សនានៅតំបន់ទេសចរណ៍ដែលមានសុវត្ថិភាពនៅកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា