
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២៥ រាជធានី-ខេត្ត និងតាមស្ថាប័នមួយចំនួនទៀត សរុបជាង៧០ស្តង់ នៅថ្ងៃទី១៦ ខែធ្នូនេះ បានតាំងបង្ហាញផលិតផលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អបអរសាទរខួប៤៥ឆ្នាំថ្ងៃកំណើត ស.ស.យ.ក។
បើតាម ស.ស.យ.ក តំណាងខេត្តប៉ៃលិន និងខេត្តកោះកុង បានប្រាប់BTVឲ្យដឹងថា ក្នុងព្រឹត្តិការណ៍អបអរសាទរខួប៤៥ឆ្នាំ គឺមានការតាំងបង្ហាញផលិតផលក្នុងខេត្តជាច្រើនរួមមាន៖មៀនប៉ៃលិន ដំឡូង ចេក ពោត និងក្កាមថ្មជាដើម។ លើសពីនេះ យុវជន ស.ស.យ.ក ប្តេជ្ញាថា នឹងខិតខំកសាងប្រទេសជាតិឱ្យមានភាពរីកចម្រើនបន្តទៀត តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធផ្សេងៗ។
យុវជនបានឱ្យដឹងដែរថា តាមការសង្កេត ស.ស.យ.ក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកេរិ៍ឈ្មោះប្រទេសជាតិទៅក្នុងឆាកអន្តរជាតិ និងជួយបណ្តុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យក្លាយជាសសរទ្រូងប្រទេសជាតិជាដើម។លើសពីនេះ ពួកគាត់បង្ហាញអារម្មណ៍រីករាយពេលបានចូលរួមទស្សនាការតាំងបង្ហាញផលិតផល និងម្ហូបអាហារផ្សេងៗ ក្នុងព្រឹត្តិការណ៍ខួប៤៥ឆ្នាំរបស់ ស.ស.យ.ក។
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំការប្រគុំតន្រ្តី«កម្ពុជាក្នុងបេះដូងខ្ញុំ» ដើម្បីអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃកំណើត ស.ស.យ.ក ដោយមានការចូលរួមពីវត្តមានតារាចម្រៀងល្បីៗជាច្រើនរូប ចាប់ពីម៉ោង៤រៀលល្ងាចនេះតទៅ។នេះបើតាមសេចក្តីជូនដំណឹងរបស់ស.ស.យ.។
គួររំលឹកដែរថា សហភាពសហព័ន្ធយុវជនកម្ពុជាបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលគិតត្រឹមឆ្នាំ២០២៣នេះ គឺមានរយៈពេល៤៥ឆ្នាំ។សហភាពសហព័ន្ធនេះ បង្កើតឡើងក្នុងគោលបំណងដូចជា៖ប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គមជាដើម។ អត្ថបទ៖ទូច សោភ័ណ







