
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងលក្ខណៈបែបចំអកទៅកាន់ក្រុមប្រឆាំង ជ្រុលនិយមមួយក្តាត់តូច ដែលបានប្រកូកប្រកាសដល់បងប្អូនមួយចំនួនឲ្យប្រឆាំងនឹងវត្តមានសម្តេចនៅ លើទឹកដីជប៉ុននោះ បើប្រមូលមិនបានពាក់កណ្តាលបងប្អូនដែលមកជួបស្វាគមន៍សម្តេចទេសូម កុំក្អកធ្វើអ្វី ខណៈការប្រកូកប្រកាសរបស់ក្រុមទាំងនោះគឺជារូបភាពដដែលៗ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មាន ម្សៀរខ្លះបានធ្វើដូចម្សៀរចាស់វស្សាមួយរូបដែលកំពុងរស់នៅក្រៅប្រទេស បានប្រឆាំង និងទើសគ្រប់រឿង តាំងពីរឱពុករហូតដល់កូន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការប្រឆាំង និងការរិះគន់វាជាសិទ្ធិរបស់ពួកគេតែគប្បីធ្វើឲ្យមានភាពថ្លៃថ្នូ កុំឲ្យប៉ះពាល់ដល់ច្បាប់របស់គេប្រយ័ត្នគេចាប់។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា សម្តេចបើកទូលាយជានិច្ចសិទ្ធិឱ្យជេរសម្ដេច តែការជេរ និងសម្ដែងមតិទាំងនោះគប្បីក្នុងក្របខណ្ឌថ្លៃថ្នូរពីព្រោះយើងជាខ្មែរដូចគ្នា កុំឱ្យខូចមុខមាត់ប្រទេសជាតិ ខណៈការជំទាស់ និងមិនគាំទ្រចំពោះវត្តមានសម្តេចលើទឹកដីជប៉ុន គឺជារឿងរបស់បងប្អូន តែវត្តមានរបស់សម្ដេចនៅជប៉ុនពេលនេះ គឺជាសារបញ្ជាក់ថា ជប៉ុនទទួលស្គាល់សម្ដេចជានាយករដ្ឋមន្ត្រី ទើបបាននាយករដ្ឋមន្រ្តីគេអញ្ជើញសម្តេចមកនេះ៕ អត្ថបទ៖ បាន ចក់






