
បណ្ដាមេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន នឹងព្រមព្រៀងក្នុងការជំរុញ «កិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ព្រាង ដែលសារព័ត៌មាន AFP បានឃើញ ពីកិច្ចប្រជុំកំពូល ដែលបានចាប់ផ្តើម នៅថ្ងៃសៅរ៍ (ទី១៦ ខែធ្នូ) នេះ ប្រឆាំងនឹងទិដ្ឋភាពនៃភាពតានតឹងដែលកំពុងកើនឡើង នៅសមុទ្រចិនខាងត្បូង។
ប្រទេសចិនបានអះអាងសិទ្ធិស្ទើរតែទាំងស្រុងលើផ្លូវទឹក ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់ ហើយឥរិយាបថបំពារបំពានរបស់ប្រទេសនេះ នៅក្នុងតំបន់ជម្លោះ បានធ្វើឲ្យមានការខឹងសម្បាពីបណ្ដាប្រទេសនានា នៅទូទាំងតំបន់ ក៏ដូចជាទីក្រុងវ៉ាស៊ីនតោនផងដែរ។
សម្ព័ន្ធមិត្តជិតស្និទរបស់អាមេរិក គឺជប៉ុន ដែលមានការប្រជែងទាមទារដែនទឹកជាមួយចិន កំពុងបង្កើនការចំណាយយោធារបស់ខ្លួន ហើយបានលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិករួចហើយ ក្នុងនោះរួមទាំងជាមួយកូរ៉េខាងត្បូង និងអូស្ត្រាលីផងដែរ។
យោងតាមសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ចុងក្រោយរបស់កិច្ចប្រជុំកំពូល នាចុងសប្តាហ៍នេះ ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងប្តេជ្ញា «ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងនោះរួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រផងដែរ»។
ជប៉ុន កាលពីថ្ងៃពុធ (ទី១៣ ខែថ្នូ) បានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពី «សកម្មភាពដ៏គ្រោះថ្នាក់» បន្ទាប់ពីមានការប្រឈមមុខគ្នាដ៏តានតឹងចុងក្រោយបំផុត រវាងនាវាហ្វីលីពីន និងនាវាចិន នៅឯតំបន់ថ្មប៉ប្រះទឹក ដែលរួមមានទាំងការប៉ះទង្គិចគ្នា និងការប្រើកាណុងបាញ់ទឹករបស់នាវាចិនផងដែរ៕