រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បានកោតសរសើរលទ្ធផល នៃកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ហើយបានហៅលោកថា ជាអ្នកចរចាវាងវៃ និងហ្មត់ចត់។

មេដឹកនាំទាំងពីរបានបញ្ចប់កិច្ចពិភាក្សារយៈពេល ៣ម៉ោងកាលពីថ្ងៃពុធនៅឯវីឡាដ៏ប្រណីតមួយទល់មុខបឹងហ្សឺណែវ ដោយផ្លាស់ប្ដូរការបង្ហាញការគោរពគ្នាទៅវិញទៅមក ប៉ុន្តែបានបង្ហាញនូវទស្សនៈខ្វែងគំនិតគ្នាយ៉ាងខ្លាំង ទៅលើការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ជម្លោះនៅអ៊ុយក្រែន ជម្លោះនយោបាយ និងបញ្ហាផ្សេងៗទៀត។ ក្នុងពេលជាមួយគ្នានោះ មេដឹកនាំទាំង២ បានប្រកាសពីកិច្ចព្រមព្រៀង ឈានដល់ការបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួន ទៅកាន់ប្រទេសទាំង២ និងរៀបចំផែនការពិភាក្សាបន្ថែមទៀត ស្ដីពីការគ្រប់គ្រងអាវុធ និងសន្តិសុខប្រព័ន្ធបច្ចេកវិទ្យា។ លោក Putin ដែលបានសាទរលោក Biden ថា ជាអ្នកអន្តរការីពោរពេញដោយបទពិសោធន៍ និងមានលក្ខណៈស្ថាបនា នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ បានផ្តល់ការកោតសរសើរដល់មេដឹកនាំសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នៅក្នុង video call ជាមួយនិស្សិតបញ្ចប់ការសិក្សា នៅសាលាគ្រប់គ្រងរបស់រដ្ឋាភិបាល។
លោក Putin បាននិយាយថា លោកដឹងរឿងនេះច្បាស់ណាស់។ លោកផ្ដោតលើការងារខ្លាំងណាស់ ហើយដឹងថា អ្វីដែលលោកចង់សម្រេចបាន។ ហើយលោកធ្វើការងារនោះប្រកបដោយស្មារតីវាងវៃ។ លោកបានច្រានចោលនូវអ្វីដែលលោកបានពិពណ៌នាថា ជាការប៉ុនប៉ងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងការវាយប្រហារលោក Biden ថា ជាមនុស្សចាស់ទន់ខ្សោយដោយបញ្ជាក់ថា ប្រធានាធិបតីអាមេរិកវ័យ ៧៨ឆ្នាំរូបនេះមានជំហររឹងមាំ សូម្បីតែនៅក្នុងកិច្ចប្រជុំជាមួយរូបលោក និងជំនួបដែលបានបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុបសម្រាប់លោក Biden ដែលរួមមានកិច្ចប្រជុំកំពូល G-7 និង NATO៕
អត្ថបទ៖ សុខមាន