
យន្តហោះផលិតក្នុងស្រុក C919 របស់ប្រទេសចិន បានហោះពីលើកំពង់ផែ Victoria Harbour ក្នុងទីក្រុងហុងកុង នៅថ្ងៃសៅរ៍ (ទី១៦ ខែធ្នូ) ដែលជាការហោះហើរដំបូងរបស់យន្តហោះនេះ នៅក្រៅស្រុក ដោយបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកចូលចិត្តអាកាសចរណ៍ អ្នកទស្សនាដែលចង់ដឹងចង់ឃើញ និងប្រព័ន្ធផ្សព្វផ្សាយ។
យន្តហោះដែលផលិតឡើងដោយក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) បានហោះចេញពីព្រលានយន្តហោះអន្តរជាតិហុងកុង នៅម៉ោង ១០:៣០នាទីព្រឹក (ត្រូវនឹងម៉ោង ២:៣០នាទី ម៉ោងសកល)។ យោងតាមនាយកដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា យន្តហោះនេះបានហោះចូលពីទិសខាងលិច ហើយបានឆ្លងកាត់កំពង់ផែ Victoria Harbor នៅរយៈកម្ពស់ ១.៥០០ហ្វីត (៤៥៧,២ម៉ែត្រ) និង ១.០០០ហ្វីត (៣០៤,៨ម៉ែត្រ) តាមលំដាប់។
យន្តហោះ C919 គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតតូចដំបូងគេរបស់ប្រទេសចិន ដែលត្រូវបានផលិតក្នុងស្រុក ដើម្បីប្រកួតប្រជែងជាមួយក្រុមយន្តហោះប្រភេទ Boeing 737 និង Airbus A320។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិល បាននិយាយថា ជាមួយនឹងសមត្ថភាពផ្ទុកអ្នកដំណើរចំនួនពី ១៥៨ ទៅ ១៩២នាក់ យន្តហោះនេះត្រូវបានផលិតឡើង សម្រាប់ការហោះហើរលើចម្ងាយផ្លូវមធ្យម ដែលមានចម្ងាយ ៥.៥៥៥ គីឡូម៉ែត្រ៕