
អ្នកជំនាញជនជាតិហូឡង់ម្នាក់ កាលពីថ្ងៃសុក្រ (ទី១៥ ខែធ្នូ) បាននិយាយថា ការចូលជាសមាជិកសហភាពអឺរ៉ុប (EU) របស់អ៊ុយក្រែន មិនមែនជាដំណើរការតែមួយយប់នោះទេ ដោយសារនីតិវិធីទាំងអស់ នឹងចំណាយពេលយូរ ដោយការលើកឡើងនេះ កើតមាននៅពេលដែលរូបលោកបានធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុប ក្នុងការបើកកិច្ចចរចាចូលជាសមាជិកជាមួយអ៊ុយក្រែន និងម៉ុលដូវ៉ា។
គួរបញ្ជាក់ដែរថា ប្រទេសអ៊ុយក្រែន និងម៉ុលដូវ៉ា បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប ក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២ បន្តបន្ទាប់គ្នា ហើយត្រូវបានផ្តល់ឋានៈជាបេក្ខភាព ក្នុងខែមិថុនាឆ្នាំនេះ។
លោក Adriaan Schout ដែលជាសាស្ត្រាចារ្យផ្នែករដ្ឋបាលសាធារណៈអឺរ៉ុប នៅមហាវិទ្យាល័យវិទ្យាសាស្ត្រគ្រប់គ្រងនៃសាកលវិទ្យាល័យ Radboud ក្នុងទីក្រុង Nijmegen ប្រទេសហូឡង់ បាននិយាយថា ការចូលជាសមាជិក EU មិនអាចបញ្ចប់ទៅបានត្រឹមពេលតែមួយយប់នោះទេ ព្រោះនៅមានបញ្ហាជាច្រើនទៀត។
សហភាពអឺរ៉ុបនៅត្រូវអនុម័តលើក្របខណ្ឌការចរចា និងកំណត់កាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំរដ្ឋាភិបាល រវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។ ការសម្រេចចិត្តទាំង២ នេះ នៅតែត្រូវមានការឯកភាពជាឯកច្ឆ័ន្ទ ដោយបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិក EU ទាំង២៧ មុនពេលការសម្រេចអាចទទួលបានអនុម័ត។
លោក Schout បាននិយាយថា ការចរចាដើម្បីចូលជាសមជិក EU តាមទម្លាប់ ត្រូវចំណាយពេល ១០ឆ្នាំ ឬច្រើនជាងនេះ ហើយមានពាក់ព័ន្ធនឹងកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយសំខាន់ៗ ដើម្បីធ្វើឲ្យប្រទេសបេក្ខភាពគោរពតាមច្បាប់ និងស្តង់ដាររបស់សហភាពអឺរ៉ុប៕