
ក្រុមហ៊ុនអវកាស SpaceX បាននិយាយថា ខ្លួនកំពុងកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ សម្រាប់ការបាញ់បង្ហោះយន្តហោះអវកាសមនុស្សយន្ត X-37B របស់យោធាសហរដ្ឋអាមេរិក ដែលជាបេសកកម្មទី៧ របស់ខ្លួនទៅកាន់គន្លងតារាវិថី។
បន្ទាប់ពីក្រុមហ៊ុន បានផ្អាកការបាញ់បង្ហោះនៅដើមសប្តាហ៍នេះ ដើម្បីត្រួតពិនិត្យប្រព័ន្ធបន្ថែមទៀតនោះ ក្រុមហ៊ុន SpaceX កាលពីថ្ងៃសុក្រ (ទី១៥ ខែធ្នូ) បានឲ្យដឹងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ឥឡូវនេះ ការកំណត់កាលបរិច្ឆេទ មិនលឿនជាងថ្ងៃព្រហស្បតិ៍ទី២៨ ខែធ្នូ នោះទេ ដែលយានចម្លង Falcon Heavy នឹងត្រូវបាញ់បង្ហោះនាំយកយាន USSF-52 ទៅកាន់គន្លងតារាវិថីពីរដ្ឋ Florida»។
ផែនការបាញ់បង្ហោះដើម ដើម្បីបញ្ជូនយានអវកាសទៅកាន់គន្លងតារាវិថី កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ត្រូវបានលុបចោលដោយសារតែលក្ខខណ្ឌអាកាសធាតុមិនល្អ នៅឯកន្លែងបាញ់បង្ហោះ Cape Canaveral ក្នុងរដ្ឋ Florida៕