
មេដឹកនាំប្រទេសគុយវ៉ែត ព្រះអង្គម្ចាស់ Sheikh Nawaf al-Ahmad al-Jaber al-Sabah បានចូលទីវង្គតហើយ នៅថ្ងៃសៅរ៍ (ទី១៦ ខែធ្នូ) នេះ ក្នុងព្រះជន្ម ៨៦វស្សា ហើយសេចក្ដីប្រកាសពីការសោយទិវង្គតនេះ ត្រូវបានធ្វើឡើងដោយការិយាល័យ Amiri Diwan នៃរដ្ឋភិបាលគុយវ៉ែត ដែលជាព្រះរាជវាំង ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលត្រូវបានអានតាមទូរទស្សន៍រដ្ឋ។
ព្រះអង្គម្ចាស់ Emir Nawaf ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីចុងខែវិច្ឆិកា ដោយសារមានការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។ ព្រះអង្គបានក្លាយជាអ្នកគ្រប់គ្រងរាជាធិបតេយ្យឈូងសមុទ្រ នៅឆ្នាំ២០២០ បន្ទាប់ពីព្រះរៀមរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Sheikh Sabah al-Ahmad al-Jaber al-Sabah សោយទិវង្គត។
ព្រះអង្គម្ចាស់ Nawaf ដែលជារជ្ជទាយាទនៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ គឺជាព្រះរាជបុត្រនៃអ្នកគ្រប់គ្រងអំណាចទី១០ របស់ចក្រភពអេមីរ៉ាត គឺព្រះអង្គម្ចាស់ Sheikh Ahmad al-Jaber al-Sabah ដែលបានគ្រប់គ្រងប្រទេសគុយវ៉ែតអស់រយៈពេលជិត ៣០ឆ្នាំ នៅដើមដំបូងនៃពាក់កណ្តាលសតវត្សរ៍ទី២០។
ព្រះអង្គម្ចាស់បានបម្រើការក្នុងតំណែងគណៈរដ្ឋមន្ត្រីជាច្រើនពេញមួយជីវិតរបស់ព្រះអង្គ ក្នុងនោះរួមទាំងដឹកនាំក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងសេវាសង្គមផងដែរ៕