អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ (IOM) បាននិយាយថា ជនអន្តោប្រវេសន៍ជាង៦០នាក់ ត្រូវបានគេជឿថាបានលង់ទឹកស្លាប់នៅក្នុងការលិចទូកនៅឯឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី។

ប្រភពពីអ្នកនៅរស់រានមានជីវិត ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា នាវានេះបានចាកចេញពីទីក្រុង ហ្ស៊ូវ៉ារ៉ា (Zuwara) ផ្ទុកមនុស្សប្រហែល៨៦ នាក់នៅលើនាវានោះ។

ទីភ្នាក់ងារនេះ បាននិយាយថារលកខ្ពស់ៗបានវាយពន្លិចទូកហើយជនអន្តោប្រវេសន៍៦១នាក់ រួមទាំងកុមារមួយចំនួនបានបាត់ខ្លួនហើយសន្មតថាបានស្លាប់។
ប្រទេសលីប៊ីគឺជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងចូលទៅតំបន់អឺរ៉ុប។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានប៉ាន់ប្រមាណថា មនុស្សជាង ២.២០០នាក់ បានលង់ទឹកស្លាប់ ខណៈព្យាយាមឆ្លងសមុទ្រក្នុងឆ្នាំ២០២៣នេះតែមួយប៉ុណ្ណោះ ដែលក្លាយជាផ្លូវទឹកធ្វើអន្តោប្រវេសន៍ ដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ទីភ្នាក់ងារនេះបាននិយាយថា ជនរងគ្រោះភាគច្រើននៃឧបទ្ទវហេតុចុងក្រោយបំផុតគឺមកពីប្រទេសនីហ្សេរីយ៉ា ហ្គាំប៊ី និងបណ្តាប្រទេសអាហ្វ្រិកដទៃទៀត។
ប្រភពដដែលខាងលើក៏បាននិយាយផងដែរថា អ្នកនៅរស់រានមានជីវិតចំនួន ២៥ នាក់ត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលឃុំឃាំងលីប៊ី ហើយកំពុងត្រូវបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត៕