ក្រុមយុទ្ធជនជនជាតិភាគតិចដែលកំពុងប្រយុទ្ធ នឹងរបបសឹកមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសៅរ៍ ១៦ខែធ្នូថា ពួកគេបានដណ្តើមយកមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងរដ្ឋ Shan ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិន បាននិយាយថា ខ្លួនបានសម្របសម្រួលបទឈប់បាញ់បណ្តោះអាសន្ន។

ការប៉ះទង្គិចគ្នាបានកើតឡើងនៅទូទាំងរដ្ឋ Shan ភាគខាងជើងរបស់សហភាពមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពរំដោះអារ៉ាកាន់(Arakan)(AA) កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ តាអាង (Ta'ang) (TNLA) បានចាប់ផ្តើមការវាយលុករួមគ្នាមួយកាលពីចុងខែតុលា។

ក្រុមសម្ព័ន្ធភាពទាំង៣ ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធភាតរភាពត្រីភាគី បាននិយាយថា ពួកគេបានដណ្តើមយកបានទីតាំងយោធា និងមជ្ឈមណ្ឌលព្រំដែនសំខាន់មួយចំនួន សម្រាប់ពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបានបង្ហាញពីអ្វីដែលក្រុមអ្នកវិភាគនិយាយថា គឺជាការប្រកួតប្រជែងខាងយោធាដ៏ធំបំផុត ចំពោះរបបសឹកមួយនេះ ចាប់តាំងពីខ្លួនបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០២១។

កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងប៉េកាំងបានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នរវាងសម្ព័ន្ធមិត្ត និងយោធាមីយ៉ាន់ម៉ា។ មានភាពស្ងប់ស្ងាត់នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមជនជាតិភាគតិច កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ ប៉ុន្តែការប៉ះទង្គិចបានបន្តនៅក្នុងតំបន់ដែលគ្រប់គ្រងដោយ កងកម្លាំងជនជាតិភាគតិច TNLA និង AA ។
កងកម្លាំងជនជាតិភាគតិច TNLA បាននិយាយថា ពួកគេបានដណ្ដើមយក ទីក្រុង ណាំសាន(Namhsan) កាលពីថ្ងៃសុក្រ បន្ទាប់ពីបើកការវាយប្រហារនៅតំបន់នោះជាងពីរសប្តាហ៍មុន៕