ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នា ក្នុងក្បួនតវ៉ា មានឈ្មោះថា ចំណាប់ខ្មាំងផ្លាហ្សា ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ១៦ ខែធ្នូ ដើម្បីអំពាវនាវឱ្យមានការរំដោះចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។

ពួកគេបានកាន់ស្លាកសញ្ញាដែលមានរូបភាពមុខចំណាប់ខ្មាំង និងសារដូចជានាំពួកគេចេញពីនរក "Get Them Out of Hell"។
ក្រុមតន្ត្រីករក៏បានសម្តែង និងដឹកនាំការច្រៀងជាភាសាហេប្រ៊ូ(Hebrew)ផងដែរ។
ការតវ៉ា បានកើតឡើងមួយថ្ងៃបន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ត្រូវបានកងកម្លាំងអ៊ីស្រាអែលសម្លាប់ដោយច្រឡំនៅតំបន់ហ្កាហ្សា។

ចំណាប់ខ្មាំងជាង ១០០ នាក់នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានឃុំឃាំងបាត់ការទាក់ទង បើទោះបីជាអ៊ីស្រាអែល អំពាវនាវឱ្យមានការចូលទៅទីនោះដោយក្រុមការងារកាកបាទក្រហមក៏ដោយ។
ក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយលុកពេញទីក្រុងនានារបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរចំនួន២៤០នាក់។
យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សាបានឱ្យដឹងថា មនុស្សជិត១៩.០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា៕