កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោកត្រៀមខ្លួនឲ្យបានពេញលេញ សម្រាប់ការប្រឈមជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងមហាអំណាចពិភពលោកធំៗផ្សេងទៀត បានជំរុញកូរ៉េខាងជើងឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងវិលទៅរកការចរចាឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បាននិយាយថា លោក Kim បានចេញបទបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ ខណៈការបញ្ជាក់ពីជំហានដែលកូរ៉េខាងជើងត្រូវធ្វើ ដើម្បីឆ្លើយតបទៅនឹងទិសដៅគោលនយោបាយរដ្ឋាភិបាលថ្មី របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងអំឡុងពេលកិច្ចប្រជុំគណបក្សកាន់អំណាច កំពុងបន្តនៅទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោក Kim បានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីត្រៀមសម្រាប់ទាំងការសន្ទនាទាំងការប្រឈម ជាពិសេសដើម្បីត្រៀមខ្លួនឲ្យបានពេញលេញ សម្រាប់ការប្រឈមជាមួយរដ្ឋបាលលោក Biden តែម្ដង។
កាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ លោក Kim បានបើកកិច្ចប្រជុំកំពូលសំខាន់ៗជាបន្តបន្ទាប់ ជាមួយអតីតប្រធានាធិបតីកាន់តំណែងមុនរបស់លោក Biden គឺលោក Donald Trump ដើម្បីពិភាក្សាពីអនាគតនៃឃ្លាំងអាវុធនុយក្លេអ៊ែរដែលកំពុងជឿនលឿន។ ប៉ុន្តែការចរចានុយក្លេអ៊ែររបស់មេដឹកនាំទាំង២ នៅទីបំផុតបានបរាជ័យ បន្ទាប់ពីលោក Trump បានច្រានចោលការអំពាវនាវរបស់លោក Kim សម្រាប់ការបន្ធូរបន្ថយទណ្ឌកម្មយ៉ាងច្រើន ជាថ្នូរនឹងការប្រគល់ដោយផ្នែកនៃសមត្ថភាពនុយក្លេអ៊ែររបស់លោក៕
អត្ថបទ៖ សុខមាន