បច្ចុប្បន្នជម្លោះរបស់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២០.២៨៨នាក់ នៃភាគីទាំងសងខាង ចាប់តាំងពីថ្ងៃទី៧ខែតុលាមក។

កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានប្រកាសថាជនជាតិប៉ាឡេស្ទីនជាង១៩.០០០នាក់ បានស្លាប់ ក្នុងនោះ ជាង២០០នាក់ នៅក្នុងតំបន់ West Bank។
ទិន្នន័យបញ្ចេញពីអ៊ីស្រាអែល បង្ហាញថា ចំនួនអ្នកស្លាប់ក្នុងប្រទេសរបស់ខ្លួនក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស មានប្រមាណ១.២០០នាក់ ។

កាលពីថ្ងៃសៅរ៍ ទាហានអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាស និងវាយរុលទៅមុខក្នុងប្រតិបត្តិការថ្មើរជើងរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ពិសេសនៅក្នុងទីក្រុងនានាភាគខាងត្បូង រ៉ាហ្វា និងខាន់យូនីស ។

កងកម្លាំងការពារអ៊ីស្រាអែល IDF បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួន បានវាយប្រហារលើសាលារៀន២កន្លែង ជាទីដែលក្រុមសកម្មប្រយុទ្ធបានលាក់ខ្លួនក្នុងតំបន់ហ្កាហ្សាភាគខាងជើង។
យោងតាមការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ពលរដ្ឋប៉ាឡេស្ទីនសរុប៤៧៧នាក់ បានស្លាប់ ក្នុងតំបន់ West Bank និងទីក្រុងហ្សេរ៉ុយសេឡឹមខាងកើត នៅឆ្នាំនេះ ក្នុងនោះជាងពាក់កណ្ដាលនៃពួកគេត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី៧ខែតុលា៕