បាល់ទាត់៖ អតីតខ្សែបម្រើក្រុមជំរើសជាតិអ៊ីតាលី Gennaro Gattuso បានសំរេចចិត្តចាកពីតំណែងគ្រូបង្វឹកក្លិប Fiorentina ហើយក្រោយទើបតែកាន់តំណែងបានតែ ២៣ថ្ងៃ។ បុរសវ័យ ៤៣ឆ្នាំរូបនេះទើបតែត្រូវបានតែងតាំងកាលពីថ្ងៃទី២៥ ខែឧសភា ពោលគឺមិនដល់ ៤៨ម៉ោងបន្ទាប់ពីការចាកចេញពី Napoli។
លោក Gattuso ដែលធ្លាប់ដឹកនាំ AC Milan ដែរនោះ គ្រោងនឹងចាប់ផ្តើមការងារដឹកនាំ Fiorentina នៅថ្ងៃទី១ ខែកក្កដាខាងមុខ។ មិនមានការចុះផ្សាយជាផ្លូវការណាមួយពីមូលហេតុនៃការចាកចេញនេះឡើយ តែត្រូវបានគេដឹងថា លោក Gattuso មិនពេញចិត្តនឹងគោលការទិញដូរកីឡាកររបស់ក្លិប ដែលស្ថិតក្រោមការវិនិយោគរបស់អ្នកជំនួញអាមេរិក Rocco Commisso។ ភ្លាមៗក្រោយការចាកចេញនេះដែរ Fiorentina កំពុងស្វែករកគ្រូបង្វឹកថ្មី ខណៈក៏មានបេក្ខភាពមួយចំនួនដែរគឺអតីតអ្នកចាត់ការ Leicester City លោក Claudio Ranieri ក៏ដូចជា Andrea Pirlo និង Rudi Garcia៕
អត្ថបទ៖នាង សុភាវុធ