លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានថានឹងមាន បញ្ហាជាមួយប្រទេសជិតខាងហ្វាំងឡង់ បន្ទាប់ពីប្រទេសនេះ បានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថា NATO កាលពីដើមឆ្នាំនេះ។

ការឡើងឋានៈរបស់ហ្វាំងឡង់ ទៅក្នុងអង្គការណាតូ បានសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពសន្តិសុខនៅអឺរ៉ុបខាងជើង ហើយបានបន្ថែមចម្ងាយប្រហែល ១.៣០០ គីឡូម៉ែត្រ ទៅកាន់ព្រំដែននៃសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។
នោះក៏ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតី Putin ផងដែរ ដែលបានព្រមានជាយូរមកហើយប្រឆាំងនឹងការពង្រីកខ្លួនរបស់អង្គការណាតូ។
លោក Putin បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ពួកគេ ដែលសំដៅដល់បណ្ដាប្រទេសលោកខាងលិច បានយកហ្វាំងឡង់ ហើយអូសចូលក្នុងអង្គការណាតូ ។ហេតុអ្វីបានជាយើងមានជម្លោះជាមួយហ្វាំងឡង់? ជម្លោះទាំងអស់ រួមទាំងជម្លោះទឹកដីនៅពាក់កណ្តាលសតវត្សរ៍ទី២០ ទាំងអស់ត្រូវបានដោះស្រាយជាយូរមកហើយ។

លោក Putin បានបន្ថែមនៅក្នុងបទសម្ភាសន៍ដោយទូរទស្សន៍រដ្ឋរុស្ស៊ី Russia 1 ថា មិនមានបញ្ហាអ្វីទេ ប៉ុន្តែឥឡូវនេះនឹងមាន ព្រោះឥឡូវនេះយើងនឹងបង្កើតស្រុកយោធា ឡេនីនក្រាដ(Leningrad) នៅទីនោះ ហើយប្រាកដជាប្រមូលផ្តុំអង្គភាពយោធានៅទីនោះ ។

លោកក៏បានច្រានចោលផងដែរ ថាជាការលើកឡើងមិនសមហេតុសមផលទាំងស្រុង ពីសំណាក់លោកប្រធានាធិបតីអាមេរិក Joe Biden ដែលកាលពីដើមខែនេះ បានព្រមានថា លោក Putin នឹង បន្តវាយដណ្ដើមយកប្រទេសផ្សេងទៀត ប្រសិនបើលោកយកបានអ៊ុយក្រែន ដោយលើកឡើងថា រុស្ស៊ីអាចវាយប្រហារសម្ព័ន្ធមិត្តណាតូ និងអូសទាញទាហានអាមេរិកចូលទៅក្នុងជម្លោះ៕