យោធាទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិត កាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ខណៈសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានព្រមានថា ការវាយប្រហារនុយក្លេអ៊ែរណាមួយ នឹងនាំទៅដល់ការបញ្ចប់របបទីក្រុងព្យុងយ៉ាង។

នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយសំដៅទៅលើដែនទឹកដែលគេស្គាល់ថាជាសមុទ្រជប៉ុនថា យោធារបស់យើង បានរកឃើញមីស៊ីលបាលីស្ទីករយៈចម្ងាយជិត ដែលបានបាញ់ចេញពីតំបន់ទីក្រុងព្យុងយ៉ាង ឆ្ពោះចូលទៅសមុទ្រខាងកើតកាលពីថ្ងៃអាទិត្យ។ មីស៊ីលនេះ បានហោះក្នុងចម្ងាយប្រហែល ៥៧០គីឡូម៉ែត្រ មុនពេលធ្លាក់នៅសមុទ្រខាងកើត ហើយទីក្រុងសេអ៊ូល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ បានចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធទាក់ទងនឹងមីស៊ីលបាលីស្ទីករបស់ប្រទេសកូរ៉េខាងជើង។

ក្រសួងការពារជាតិជប៉ុន និយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់ ជាអ្វីដែលទំនងជាមីស៊ីលបាលីស្ទីក ដោយឆ្មាំល្បាតឆ្នេររបស់ខ្លួន ហើយវាហាក់ដូចជាបានធ្លាក់រួចទៅហើយ។ ការសាកល្បងនេះ ធ្វើឡើងខណៈទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានព្រមានទីក្រុងព្យុងយ៉ាងថា រាល់ការវាយប្រហារនុយក្លេអ៊ែរណាមួយទៅលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងនាំឱ្យមានការបញ្ចប់របបកូរ៉េខាងជើង។
សម្ព័ន្ធមិត្តទាំងពីរ បានបើកកិច្ចប្រជុំលើកទី ២ នៃក្រុមប្រឹក្សានុយក្លេអ៊ែរនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ជាកន្លែងដែលប្រទេសទាំងពីរបានពិភាក្សាអំពីការទប់ស្កាត់នុយក្លេអ៊ែរនៅក្នុងករណីមានជម្លោះជាមួយប្រទេសកូរ៉េខាងជើង។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បានរិះគន់ខ្លាំៗចំពោះផែនការរបស់សម្ព័ន្ធមិត្ត ក្នុងការពង្រីកសមយុទ្ធយោធាប្រចាំឆ្នាំដ៏សំខាន់នៅឆ្នាំក្រោយ ក្នុងការដាក់បញ្ចូលសមយុទ្ធប្រតិបត្តិការនុយក្លេអ៊ែរ និងបានព្រមានអំពី «ការទប់ទល់ទុកជាមុន និងការរារាំង» ។