បន្ទាយមានជ័យ ៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានឱ្យដឹងថា គម្រោងសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត មានទីតាំងស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម បន្តថា ការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ជាជំនួយឥតសំណងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ចំនួនទឹកប្រាក់ ២,១៩៩,៩២០ ដុល្លារសហរដ្ឋអាមេរិក ហើយគម្រោងសាងសង់នេះមានរយៈពេល១ឆ្នាំ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដែលមានទំហំផ្ទៃដីសរុប ៩,៧៦៨ ម៉ែត្រការ៉េ(បណ្តោយ១០១,៣៩ម ទទឹង៩៦.៣៤ម)។ ក្នុងនោះដែរមជ្ឈមណ្ឌល ក៏មានជំនាញវិជ្ជាជីវៈចំនួន៥ជំនាញ រួមមាន ៖ ជំនាញកាត់ដេរ, ជំនាញសាឡន, ជំនាញធ្វើម្ហូប/បង្អែម, ជំនាញអគ្គិសនី និងទឹក, ជំនាញម៉ាស៊ីនត្រជាក់៕ អត្ថបទ រឿង ចន្ទ្រា








