អូឡាំពិក៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសនឹងរៀបចំទិវាអូឡាំពិក ឬ Olympic Day ប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៣ ខែមិថុនាខាងមុខនេះដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ ដើម្បីរំឭកគុណតម្លៃចលនាអូឡាំពិក ពិសេសជំរុញការលេងកីឡាដើម្បីយកឈ្នះជំងឺកូវីដ-១៩ អំឡុងពេលជំងឺដ៏កាចសាហាវនេះកំពុងរីករាលដាលខ្លាំងនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ថា ទិវាអូឡាំពិកគឺជាកម្មវិធីប្រចាំឆ្នាំ ដែលប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ តែងរៀបចំឡើងនៅរៀងរាល់ខែមិថុនា ក្នុងគោលបំណងផ្សព្វផ្សាយក្រើនរំឭកនូវចលនាអូឡាំពិក និងដាស់ស្មារតីមនុស្សជាតិឲ្យបានស្គាល់ពីគុណតម្លៃអូឡាំពិក និងគុណតម្លៃនៃសកម្មភាពកីឡា។ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ឆ្នាំនេះ ប្រទេសជាច្រើនក៏ដូចជាកម្ពុជាមិនអាចរៀបចំសកម្មភាព ដើម្បីអបអរទិវាអូឡាំពិកដូចឆ្នាំមុនៗបានទេ ដោយ NOCC បានផ្ដល់មករៀបចំតាមអនឡាញដោយអញ្ជើញអតីត និងកីឡាករ-កីឡាការិនីដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក ដើម្បីធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍ក្នុងវិស័យកីឡា ពិសេសការជំរុញការលេងកីឡា និងហាត់ប្រាណ ដើម្បីយកឈ្នះជំងឺរាតត្បាតជាសកលកូវីដ-១៩ តែម្ដង។

សូមបញ្ជាក់ថា តាមការគ្រោងទុកនឹងមានកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា និងអតីតកីឡាករ-កីឡាការិនីដែលធ្លាប់មានប្រវត្តិ ចូលរួមប្រកួតកីឡាអូឡាំពិកប្រមាណ ១០០នាក់នឹងចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះមានក្រុមជម្រើសជាតិប្រដាល់សកល ទ្រីយ៉ាត្លុង ទោចក្រយាន ហុកគី កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម ខណៈភ្ញៀវពិសេសប្រចាំកម្មវិធីគឺមានកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី ហែម ថុនវិទិនី៕
អត្ថបទ៖ លី ឈុនឡា