កងកម្លាំងគាំទ្ររហ័ស RSF របស់ស៊ូដង់បានប្រយុទ្ធជាមួយកងទ័ពនៅខាងក្រៅភាគកណ្តាលទីក្រុង វ៉ាដ ម៉ាដានី (Wad Madani) កាលពីថ្ងៃសៅរ៍ ដោយបានបង្កឲ្យមានការបើកសមរភូមិថ្មីនៅក្នុងសង្គ្រាមរយៈពេលប្រាំបីខែហើយបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួន នេះបើយោងតាមសាក្សីជាច្រើន។

ហ្វូងមនុស្ស ដែលភាគច្រើនបានភៀសខ្លួនចូលទៅក្នុងទីក្រុងនេះគេចពីអំពើហឹង្សាក្នុងរដ្ឋធានី ខាទុម (Khartoum) អាចត្រូវបានគេមើលឃើញថាកំពុងរៀបចំរបស់របរ និងចាកចេញដោយថ្មើរជើងនៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

សាក្សីបាននិយាយថា កងទ័ពស៊ូដង់ ដែលបានកាន់កាប់ទីក្រុងនេះចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក បានបើកការវាយប្រហារតាមអាកាសលើកងកម្លាំង RSF ទៅកាន់ភាគខាងកើតនៃទីក្រុង ដែលជារដ្ឋធានីនៃរដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) ខណៈព្យាយាមវាយបកទៅវិញនូវការវាយប្រហារដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។

សាក្សីបានបន្ថែមថា កងកម្លាំង RSF បានឆ្លើយតបដោយកាំភ្លើងធំ ហើយកងទ័ពរបស់កងកម្លាំង RSF នេះត្រូវបានគេមើលឃើញថាកំពុងចល័តទៅកាន់ទិសដៅនៃការប្រយុទ្ធ។ អង្គការសហប្រជាជាតិបាននិយាយថា មនុស្ស ១៤.០០០នាក់បានភៀសខ្លួនចេញពីតំបន់នោះមកទល់ពេលនេះ ហើយមនុស្សចំនួនពីរបីពាន់នាក់បានទៅដល់ទីក្រុងផ្សេងទៀតរួចហើយ។
សហភាពវេជ្ជបណ្ឌិតស៊ូដង់បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរពេទ្យនានាក្នុងតំបន់ ដែលបានក្លាយជាមជ្ឈមណ្ឌលមនុស្សធម៌ និងផ្នែកវេជ្ជសាស្រ្តនេះ កំពុងអស់គ្រឿងសម្ភារៈសង្រ្គោះ ហើយអាចត្រូវបានបង្ខំឱ្យបិទដំណើរការក្នុងពេលឆាប់ៗនេះ៕