ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) បាននិយាយថា ប្រទេសរបស់លោកកំពុងធ្វើការដើម្បីដោះស្រាយ បញ្ហារុករក នៅក្នុងសមុទ្រចិនខាងត្បូង ដូច្នេះ អាចចាប់ផ្តើមគម្រោងរុករកថាមពលថ្មីនៅក្នុងផ្លូវទឹកដែលសំបូរទៅដោយធនធាន ដើម្បីបំពេញតម្រូវការថាមពលរបស់ប្រទេសនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុនកាលពីថ្ងៃសៅរ៍ លោក Marcos បាននិយាយថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូងបាន កើនឡើងច្រើនជាងការថយចុះ ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយព្រមានថា ប្រទេសចិនដែលបានអះអាងសិទ្ធិគ្រប់គ្រងកាន់តែច្រើន បានបង្កឱ្យមាន បញ្ហាប្រឈមពិតប្រាកដ ដល់ប្រទេសជិតខាងអាស៊ីរបស់ខ្លួន។

ហ្វីលីពីន និងចិន បានបន្តការពិភាក្សាអំពីការរួមគ្នារុករកធនធានប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង ដែលប្រទេសទាំងពីរបានខ្វែងគំនិតគ្នាអស់ជាច្រើនទសវត្សរ៍លើសិទ្ធិអធិបតេយ្យភាពក្នុងការអភិវឌ្ឍន៍ធនធានធម្មជាតិនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។
ប៉ុន្តែលោក Marcos បាននិយាយថា មានការវិវឌ្ឍន៍ដ៏តិចតួច ត្រូវបានធ្វើឡើងទាក់ទងនឹងកិច្ចពិភាក្សា នេះបើយោងតាមការចេញផ្សាយពីការិយាល័យប្រទេសលោក ខណៈលោកបានចូលរួមក្នុងជំនួបកំពូលក្រុងតូក្យូ ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN។
ប្រធានាធិបតីហ្វីលីពីនរូបនេះ បាននិយាយថា យើងនៅតែស្ថិតក្នុងភាពជាប់គាំងនៅពេលនេះ ខណៈលោកបានសង្កត់ធ្ងន់លើសិទ្ធិរបស់ប្រទេសខ្លួនក្នុងការទាញយកថាមពលបម្រុងនៅក្នុងសមុទ្រហ្វីលីពីនខាងលិច នៅពេលដែលហ្វីលីពីនចង់កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងធ្យូងថ្ម និងការផ្លាស់ប្តូរទៅជាឧស្ម័នធម្មជាតិរាវ៕