រថយន្តដឹកជំនួយនៅហ្កាហ្សា ត្រូវបានឡោមព័ទ្ធដោយហ្វូងមនុស្ស ដែលអស់សង្ឃឹម ដើម្បីដណ្តើមយកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់សំខាន់ៗ ផ្សេងទៀត។
រូបភាពវីដេអូពីសារព័ត៌មាន AP បានបង្ហាញជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ជុំវិញរថយន្តជំនួយ នៅឯច្រកឆ្លងកាត់ Rafahពីប្រទេសអេហ្ស៊ីប ហើយឡើងលើរថយន្តជំនួយទាំងនោះ ដើម្បីរើយកកេសស្បៀង និង សម្ភារៈផ្គត់ផ្គង់បោះទៅឲ្យហ្វូងមនុស្ស។

ករណីនេះ កើតឡើង បន្ទាប់ពីអង្គការសហប្រជាជាតិ បាននិយាយនៅសប្តាហ៍នេះថា ភាពអត់ឃ្លាន និងភាពអស់សង្ឃឹម កំពុងជំរុញមនុស្សឲ្យដណ្តើមយកជំនួយមនុស្សធម៌ ដែលត្រូវបានបញ្ជូនទៅតំបន់ហ្កាហ្សា ដោយព្រមានអំពី «ការឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ស៊ីវិល»។

លោក Philippe Lazzarini ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសៅរ៍ថា៖«ខ្ញុំនឹងមិនមានការភ្ញាក់ផ្អើលទេ ប្រសិនបើមនុស្ស ចាប់ផ្តើមស្លាប់ ដោយភាពស្រេកឃ្លាន ឬការរួមបញ្ចូលគ្នានៃភាពស្រេកឃ្លាន ជំងឺ និងភាពស៊ាំនៃជំងឺចុះខ្សោយ»។