ហែលទឹក៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសអបអរសាទរ កីឡាករលោតទឹកមានដើមកំណើតខ្មែរ Jordan Pisey Windle ដែលមានឈ្មោះខ្មែរថា ពិសី បានជាប់ឈ្មោះចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ នៅប្រទេសជប៉ុននាចុងខែកក្កដាខាងមុខ ក្នុងនាមកីឡាករតំណាងឲ្យសហរដ្ឋអាមេរិក។

កីឡាករដែលជាក្មេងកំព្រាមានដើមកំណើតពីខេត្តព្រៃវែង ពិសី ត្រូវបានសមាគមកីឡាហែលទឹកអាមេរិក ជ្រើសរើសជាកីឡាករលោតទឹកឆ្នើមមួយរូប ដើម្បីចូលរួមការប្រកួតជម្រុះអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ កាលពីថ្មីៗ ហើយរូបគេធ្វើបានយ៉ាងល្អដោយបានជាប់ក្នុងការប្រកួតជម្រុះ ដើម្បីទទួលសិទ្ធចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ។ ទន្ទឹមជាមួយគ្នា សហព័ន្ធខ្មែរកីឡាហែលទឹកបានសម្ដែងការអបអរសាទរកីឡាករខ្មែរ និងមានសញ្ជាតិអាមេរិក Jordan Pisey Windle ដែលបានក្លាយជាអត្តពលិកតំណាងសហរដ្ឋអាមេរិក ចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន ហើយក៏បានកោតសរសើរនូវសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់កីឡាករវ័យ ២២ឆ្នាំរូបនេះ និងជូនពររូបគេឲ្យទទួលបានជោគជ័យ និងលទ្ធផលល្អក្នុងការប្រកួតនៅជប៉ុននាពេលខាងមុខទៀតផង។
គួរបញ្ជាក់ថា Jordan Pisey Windle ដែលជាកុមារកំព្រាមានស្រុកកំណើតនៅខេត្តព្រៃវែង និងមានវាសនាទៅរស់នៅអាមេរិកតាំងពីអាយុ ២ឆ្នាំក្រោមការគ្រប់គ្រងរបស់ឪពុកចិញ្ចឹមលោក Jerry Windle។ លុះវ័យបាន ៧ឆ្នាំរូបគេក៏ត្រូវបានឪពុកចិញ្ចឹមនាំទៅរៀនហែលទឹក ហើយ ពិសី បានព្យាយាម និងខិតខំប្រឹងប្រែងរហូតមានសមត្ថភាព ប្រកួតដណ្ដើមបានមេដាយថ្នាក់ជាតិជាច្រើននៅអាមេរិក និងក្លាយជាកីឡាករឆ្នើមរបស់អាមេរិកនាពេលបច្ចុប្បន្នផងដែរ៕
អត្ថបទ៖ លី ឈុនឡា